ខេត្តសមៀមរាប ៖ ក្នុងចំណោមត្បូងពេជ្រនៃរមណីយដ្ឋានអង្គរ ប្រាសាទប្រែរូបនៅតែរក្សាបាននូវភាពអស្ចារ្យ និងមន្តស្នេហ៍ដក់ជាប់ក្នុងចិត្តភ្ញៀវទេសចរមិនចេះរីងស្ងួត និងបានរំលេចឱ្យឃើញពីសម្រស់ដ៏លេចធ្លោនៃប្រាសាទឥដ្ឋដ៏ស្កឹមស្កៃនេះ ដែលកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយ ។
ជាក់ស្តែងអាជ្ញាធរជាតិអប្សរា បានប្រកាសនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះថា ៖ «ប្រែរូប» សំណង់ប្រាសាទឥដ្ឋដ៏ស្កឹមស្កៃនៃរមណីយដ្ឋានអង្គរ ដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ ប៉ែកខាងកើតស្រះស្រង់ ប្រាសាទប្រែរូបកំពុងទាក់ចិត្តភ្ញៀវទេសចរជាច្រើនឱ្យធ្វើដំណើរទៅទស្សនា ពិសេសនៅជាន់ខាងលើដែលមានប្រាសាទឥដ្ឋ៥ និងប្រាសាទកណ្តាលដ៏ធំស្កឹមស្កៃ និងមានពណ៌មាសនៅពេលប៉ះចាំងនឹងពន្លឺព្រះអាទិត្យម្តងៗ ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ប្រាសាទនេះសង់លើខឿន៣ជាន់ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ នាសតវត្សទី១០ ឧទ្ទិសថ្វាយព្រហ្មសាសនា ។ ដ្បិតថា ជាប្រាសាទឥដ្ឋ ប៉ុន្តែសំណង់តូចៗមួយចំនួនទៀតក៏មានប្រើប្រាស់ថ្មភក់ផងដែរ ដូចជា ខឿន សសរពេជ្រ ស៊ុមទ្វារ ផ្តែរ និងកំពែងជាដើម ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រាសាទប្រែរូប មិនត្រឹមតែជាកន្លែងសិក្សាពីប្រវត្តិសាស្ត្រដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូបភាពបែបសិល្បៈ ។ ការឡើងទៅដល់ជាន់ខាងលើនៃខឿនប្រាសាទ នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមើលឃើញនូវទិដ្ឋភាពព្រៃឈើដ៏ខៀវស្រងាត់នៃតំបន់អង្គរ និងខ្យល់អាកាសដ៏បរិសុទ្ធ ដែលផ្តល់នូវអារម្មណ៍ស្ងប់សុខ និងស្រស់ស្រាយ ៕







ចែករំលែកព័តមាននេះ