ទីក្រុងប៉េកាំង ៖ ប្រទេសចិនបានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនេះជាមួយនឹងប្រទេសកាណាដាមិនបានធ្វើឱ្យប្រទេសដទៃទៀតខាតបង់នោះទេ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមដាក់ពន្ធ ១០០% លើទំនិញរបស់កាណាដា ប្រសិនបើប្រទេសនេះ បង្កើតកិច្ចព្រមព្រៀងជាមួយប្រទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គ័រ ចែឃុន (Guo Jiakun) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា «ភាពជាដៃគូយុទ្ធសាស្ត្រថ្មីរវាងកាណាដា និងចិន មិនបានផ្តោតទៅលើភាគីទី ៣ ណាមួយនោះទេ»។
លោក ត្រាំ នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social កាលពីចុងសប្តាហ៍មុន បានគំរាមដាក់ពន្ធ ហើយថែមទាំងព្រមានថា ប្រទេសចិនកំពុងតែគ្រប់គ្រងដោយជោគជ័យ និងទាំងស្រុងលើប្រទេសកាណាដា។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានថ្លែងថា កាណាដាមិនបានស្ថិតក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិននោះទេ ហើយមិនដែលពិចារណាលើកិច្ចព្រមព្រៀងនោះផងដែរ។ ដោយលោកបានបន្ថែមថា មន្ត្រីកាណាដាបានបញ្ជាក់ជំហររបស់ពួកគេយ៉ាងច្បាស់រួចហើយដល់សមភាគីអាមេរិក។
នៅពេលត្រូវបានសួរឱ្យឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ត្រាំ នោះ នាយករដ្ឋមន្ត្រីកាណាដា នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៧ ខែមករា បានកត់សម្គាល់ថា កាណាដាមានកាតព្វកិច្ចជូនដំណឹងដល់សហរដ្ឋអាមេរិក ប្រសិនបើខ្លួនមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសេដ្ឋកិច្ចមិនមែនទីផ្សារ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីយូរអង្វែងរវាងភាគីទាំងបី។ តាមរយៈកិច្ចព្រមព្រៀងនេះ លោក ខានី បានបន្ថែមថា «យើងគួរតែបានជូនដំណឹងជាមុនសិន ហើយបន្ទាប់មកទើបមានដំណើរការបើកចំហរ និងតម្លាភាពខ្លាំង»។
នាយករដ្ឋមន្ត្រីកាណាដា ក៏បានប្រាប់អ្នកយកព័ត៌មានថា លោកជឿថា ការគំរាមកំហែងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចរចាដ៏ទូលំទូលាយរបស់លោក ត្រាំ មុនពេលពិនិត្យឡើងវិញជាកាតព្វកិច្ច USMCA ដែលត្រូវបានគ្រោងទុកសម្រាប់ចុងឆ្នាំនេះ។ លោកក៏បានគូសបញ្ជាក់ពីជំហររបស់លោកថា ប្រទេសកាណាដាត្រូវធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក៕ ប្រភព ៖ BBC


ចែករំលែកព័តមាននេះ