រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់មិនថាមានបញ្ហាអ្វីនោះទេ ស្រាប់តែដុតម៉ូតូមួយគ្រឿងឆេះយ៉ាងសន្ធោសន្ធៅ នៅសល់តែគ្រោងឆ្អឹងដែក បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលង
អាធ្រាត្រឈានចូលថ្ងៃទី២៦ខែមករាឆ្នាំ២០២៦ នៅក្រោយសាលាបឋមសិក្សាហ៊ុននាង បឹងត្របែកខាងត្បូង ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ បានជិះម៉ូតូម៉ាកZOOMER X មិនចាំស្លាកលេខមួយគ្រឿង ទៅទិញស្រាបៀរនៅក្នុងភូមិ លុះទិញហើយក៍ជិះត្រឡប់មកផ្ទះវិញ តែពេលមកដល់ផ្ទះ មិនដឹងថាមានទំនាស់អ្វីជាមួយនឹងស្ត្រីជាក្រុមគ្រួសារនោះទេ ស្រាប់តែបុរសរូបនោះដុតម៉ូតូខ្លួនឯងឆេះយ៉ាងសន្ធោសន្ធៅ រួចអូសទាញចេញមកក្រៅ ទុកអោយឆេះចោល ចំណែកបុរសរូបនោះបានចេញទៅសង្ងំក្នុងផ្ទះធ្វើមិនដឹង ។
ករណីនេះផងដែរ ពលរដ្ឋនៅក្បែរនោះ ភ័យស្លន់ស្លោ ដោយបាននាំគ្នាយកទឹកទៅពន្លត់ និងអ្នកខ្លះទាក់យកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ រហូតដល់ម៉ោង៣យប់ថ្ងៃដដែលទើបរលត់ទៅវិញ ។
ក្នុងករណីនេះក៍មានរថយន្តពន្លត់អគ្គីភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញទៅអន្តរាគមន៍១គ្រឿងដែរតែមិនបានបាញ់ទឹកនោះទេ ។
ហេតុការណ៍នេះ មិនបង្កឲ្យមានការឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងរងរបួសមនុស្សនោះទេ គ្រាន់តែតែខូចខាតម៉ូតូម៉ាកស្កុបពីមួយគ្រឿងអស់ទាំងស្រុងតែប៉ុណ្ណោះ ៕










ចែករំលែកព័តមាននេះ