រាជធានីភ្នំពេញ ៖ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកគឺជាឱកាសដ៏វិសេសវិសាលសម្រាប់ឪពុកម្ដាយ និងកុមារតូចៗដែលជាកូនបានជួបជុំគ្នាលេងកីឡាកម្សាន្តយ៉ាងសប្បាយរីករាយ។
ឯកឧត្តមវ៉ាត់ ចំរើន មានប្រសាសន៍បែបនេះក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅផ្សារទំនើបអុីអន៣ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានព្រះនាងនរោត្តមជេនណាផងដែរ។
ឯកឧត្តមវ៉ាត់ ចំរើន បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើបអុីអន៣ក្នុងខណ្ឌមានជ័យ រៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាលើកដំបូង ។
មកដល់ពេលនេះមានអត្តពលិកជាកុមារា កុមារីតូចៗមកចុះឈ្មោះប្រកួតប្រមាណន៣៣០នាក់ដែលជាចំនួនមួយគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្តថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនាឱកាសនេះ គឺផ្ដើមចេញពីឆន្ទះ និងស្មារតីកីឡាអូឡាំពិកដែលមានតម្លៃនៅលើពិភពលោក សម្រាប់ផ្ដល់ឱកាស ពេលវេលា និងទីកន្លែង ក្នុងការជួបជុំគ្នារវាងឪពុកម្ដាយ និងកុមារតូចៗដែលជាកូនលេងកីឡាកម្សាន្ត ក៏ដូចជារៀបចំចលនាអូឡាំពិកមួយផ្ដើមចេញពីកុមារទូទៅ។
សកម្មភាពនេះគឺជាការជំរុញទៅដល់កុមារទាំងអស់ជួបជុំគ្នាលេងកីឡាដើម្បីពង្រឹងកាយសម្បទា សមត្ថភាព និងស្មារតីវិស័យកីឡារបស់កុមារ ។ ការប្រកួតមិនមែនដើម្បីជោគជ័យ គឺដើម្បីបង្ហាញពីសមត្ថភាពរបស់កូនៗតែប៉ុណ្ណោះ។
ឯកឧត្តមអគ្គលេខាធិការNOCCរូបនេះបានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា តាមរយៈការបង្ហាញសមត្ថភាពនេះ អាចឱ្យអាណាព្យាបាលបានមើលឃើញកូនៗអាចធ្វើអ្វីបាន អាចលេងអ្វីក៏បាន និងជាពេលវេលាដ៏ល្អដែលអាណាព្យាបាលទាំងអស់ អាចដឹងបានថា កូនៗទាំងអស់អាចចូលរួមលេងកីឡាជាមួយកុមារដទៃទៀតបាន។
នៅឆ្នាំក្រោយនេះ សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០២៨ហើយ ។ ដូច្នេះគេចង់ដឹងថាកីឡាករ កីឡាការិនី ឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ធ្លាប់ឈ្នះមេដាយមាសពីការប្រកួតកីឡាកុមារអូឡាំពិកបានប៉ុន្មាន ៕




ចែករំលែកព័តមាននេះ