ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ​ជា​ផ្លូវការ​នៅ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​ចាប់ពី​ថ្ងៃ​ទី​២៧ មក​រា តទៅ

53 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​នៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ តទៅ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ប្រកាស​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​នៅ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ តទៅ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើក​ឡើង​ថា ក្រសួង​អប់រំ នឹង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ភាសា​ចា​រ៉ា​យ​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា នា​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តរតនគិរី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ។

ក្រសួង​បាន​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​ចាប់តាំងពី​ឆ្នាំ​២០០៣ តាម​រយៈ​កម្មវិធី​អក្ខរកម្មពហុ​ភាសា (​កម្មវិធី​អក្ខរកម្ម​ពីរ​ភាសា​) សម្រាប់​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ និង​កម្មវិធី​អប់រំ​ពហុ​ភាសា​(​កម្មវិធី​អប់រំ​ពីរ​ភាសា​) សម្រាប់​ការ​អប់រំ​ក្នុង​ប្រព័ន្ធ ។ កម្មវិធី​អប់រំ​ពហុ​ភាសា​នេះ មាន​គាំទ្រ​ពី​រាជរដ្ឋាភិបាល​យ៉ាង​ពេញលេញ ហើយ​ក៏​មានការ​ចូលរួម​គាំទ្រ​ពី​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​កុមារ (UNI​CEF) មូលនិធិ​ភាព​ជា ដៃគូ​សម្រាប់​ពង្រឹងសមត្ថភាព​វិស័យ​អប់រំ (CDPF) សហភាព​អឺរ៉ុប (EU) អង្គការ​អេ​ដ អេ អាក់ស្យុ​ង (AEA) អង្គការ​សហការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​កម្ពុជា (ICC) អង្គការ​បែរ​កម្ពុជា (CARE) អង្គការ​NTFP អង្គការ​ភ្លែ​ន​អន្តរជាតិ (Plan) រួម​ទាំង​ដៃគូ​អភិវឌ្ឍ និង​សមាគម​មួយ​ចំនួន​ទៀត​ដែល​បាន​និង​កំពុង​ធ្វើ ការងារ​ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា កម្មវិធី​អប់រំ​ពហុ​ភាសា បាន​និង​កំពុង​ផ្តល់​ការ​អប់រំ​ដល់​កុមារ​មក​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ប្រមាណ​៧៥០០​នាក់ ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដល់​ថ្នាក់​ទី​៣ និង​បាន​ផ្តល់​ឱកាស​ការងារ​ដល់​ជនជាតិ ដើម​ភាគតិច​ធ្វើការ​ជា​គ្រូបង្រៀន​ប្រមាណ​៤០០​នាក់​ជា​រៀង​រាល់​ឆ្នាំ នៅ​តាម​សាលារៀន​គោលដៅ​ក្នុង​ខេត្តរតនគិរី ស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី និង​ខេត្តព្រះវិហារ ។

ដើម្បី​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​ប្រកបដោយ​ប្រសិទ្ធភាព ក្រសួង​បាន​រៀបចំ​យន្តការ និង​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​មួយ​ចំនួន រួម​មានការ​ចងក្រង​ប្រព័ន្ធ​អក្ខរក្រម​ភាសា​កំណើត​ជនជាតិ​ដើម​ភាគតិច ទំពួន គ្រឹ​ង ពៅ កា​វ៉ែត ព្នង និង​ចា​រ៉ា​យ ដោយ​យក​ប្រព័ន្ធ​អក្ខរក្រម​ភាសា​ខ្មែរ​ធ្វើ​ជា​គោល​, ផែនការ​សកម្មភាព​អប់រំ​ពហុ​ភាសា ២០២៤-២០២៨, កម្មវិធី​សិក្សា​, សៀវភៅ​សិក្សា និង​សម្ភារៈ​សិក្សា ដែល​ផ្សា​ភ្ជាប់ នឹង​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ។ ទន្ទឹម​នឹង​នេះ ក្រសួង​បាន​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ពហុ​ភាសា​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​គ្រូ នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ឦ​សាន្ត​ខេត្តស្ទឹងត្រែង សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តក្រចេះ និង​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តព្រះវិហារ ។

ក្រសួង​ក៏​បាន​រៀបចំ និង​បកប្រែ​សៀវភៅ​សិក្សា សម្ភារៈ​សិក្សា​ជា​ភាសា​ចា​រ៉ា​យ​សម្រាប់ អនុវត្ត​ក្នុង​កម្មវិធី​អប់រំ​ពហុ​ភាសា​បន្ថែម​ទៀត ព្រមទាំង​បាន​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នៅ​សាលារៀន​បឋម សិក្សា​ចំនួន​៧ ក្នុងស្រុក​អូ​រយ៉ា​ដាវ និង​អណ្តូង​មាស ខេត្តរតនគិរី ។ ក្រសួង​សូម​ថ្លែងអំណរគុណ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​សហការ​គាំទ្រ និង​ចូលរួម​និង​ជំរុញ​ឱ្យ​ការ​អនុវត្ត​កម្មវិធី​អប់រំ​ពហុ​ភាសា​ទទួល​បាន​លទ្ធផល​ល្អ ជា​ពិសេស បាន​ចូលរួម​ថែរក្សា​ភាសា​កំណើត ប្រពៃណី និង​ទំនៀមទម្លាប់​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ