ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំអះអាងថាអាមេរិកបានបញ្ជូនកងនាវាចម្បាំងសំដៅទៅប្រទេសអ៊ីរ៉ង់ហើយ។ លោកមិនបានបញ្ជាក់ថានាវានេះបញ្ជូនទៅវាយប្រហារអ៊ីរ៉ង់ឬយ៉ាងណាទេ។ លោកថាប្រហែលជាយើងគ្មានការចាំបាច់ដើម្បីប្រើប្រាស់នាវាទាំងនោះទេ។ កាលពីមុននេះ គេនៅចាំបានថាលោកត្រាំព្រមានធ្វើអន្តរាគមន៍យោធា បើសិនអ៊ីរ៉ង់សម្លាប់បាតុករ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកនៅរក្សាភាពស្ងៀមស្ងាត់។

លោកត្រាំថ្លែងថាយើងបានបញ្ជូននាវាចម្បាំងជាច្រើនគ្រឿងឆ្ពោះទៅរកទិសដៅនោះ (ប្រទេសអ៊ីរ៉ង់)។ យើងរង់ចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើង។ លោកថ្លែងដូច្នេះបន្ទាប់ពីវិលត្រឡប់ពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គេឃើញនាវាដឹកយន្តហោះ យូអែសអែស អាប្រាហាម លីនខុន (USS Abraham Lincoln) ដែលស្ថិតនៅសមុទ្រចិនខាងត្បូងកាលពីពីរបីថ្ងៃមុននោះ បានចាកចេញដំណើរទៅតំបន់មជ្ឈិមបូព៌ា។

មន្ត្រីយោធាជើងទឹកអាមេរិកប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (AP) ថានាវាដឹកយន្តហោះខាងលើនេះ រួមជាមួយនាវាពិឃាតបីគ្រឿងបានចាកចេញដំណើរទៅទីនោះពិតមែន។ ស្របពេលដំណាលគ្នានេះ នាវាដឹកយន្តហោះមួយគ្រឿងទៀតឈ្មោះយូអែសអែស ចច ប៊ូស (USS George H.W. Bush) បានចាកចេញដំណើរពីកំពង់ផែនៃរដ្ឋវើជីនៀ (Virginia) កាលពីសប្ដាហ៍មុនសំដៅទៅទ្វីបអឺរ៉ុប។ ឥឡូវនេះ នាវាកំពុងស្ថិតនៅលើមហាសមុទ្រអាត្លង់ទិច។

នាវាដឹកយន្តហោះនេះត្រៀមធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងពិត និងចូលរួមការហ្វឹកហ្វឺនយោធាដទៃទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីយោធាអាមេរិកដែលទទួលបន្ទុកខាងនាវា។ សូមរំលឹកថាកាលពីថ្ងៃទី២ ខែមករា លោកត្រាំព្រមានថាបើសិនអ៊ីរ៉ង់សម្លាប់បាតុករដែលតវ៉ាដោយសន្តិវិធី ពេលនោះ អាមេរិកនឹងចេញប្រតិបត្តិការសឹកដើម្បីជួយពួកគេ (បាតុករ)។

ប៉ុន្តែកាលពីសប្ដាហ៍មុន លោកហាក់ដូចជាបន្ធូរបន្ថយសភាពការណ៍នេះកុំឱ្យឡើងកម្ដៅខ្លាំងពេក។ លោកថាអ៊ីរ៉ង់លុបចោលផែនការប្រហារជីវិតបាតុករ៨៣៧នាក់ដោយព្យួរក។ ប្រភពខ្លះថាបណ្ដាថ្នាក់ដឹកនាំនៅមជ្ឈិមបូព៌ានិយាយបញ្ចុះបញ្ចូលលោកត្រាំថាកុំធ្វើអន្តរាគមន៍យោធានៅអ៊ីរ៉ង់ព្រោះពួកគេបារម្ភថាផលវិបាកនឹងមានសភាពធំធេងណាស់ ស្រួលមិនស្រួលអាចនឹងផ្ទុះសង្គ្រាមពេញតំបន់មជ្ឈិមបូព៌ា។

កាលពីមុននេះ លោកត្រាំអំពាវនាវឱ្យដូរថ្នាក់ដឹកនាំនៅអ៊ីរ៉ង់។ លោកចោទប្រកាន់ថាអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ លោកអាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បំផ្លិចបំផ្លាញប្រទេសជាតិខ្លួនឯង និងប្រើប្រាស់អំពើហិង្សាលើប្រជាជនខ្លួនឯង។ ប៉ុន្តែកាលពីយប់មិញ លោកត្រាំដូរភាសានិយាយ។ លោកថាលោកបើកចំហជានិច្ចសម្រាប់ការចរចាគ្នាជាមួយអ៊ីរ៉ង់។ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស លោកត្រាំថ្លែងថាអ៊ីរ៉ង់មិនចង់ចរចាគ្នាទេ។ ប៉ុន្តែយើងចង់ចរចាគ្នា។ កាលនោះ លោកកំពុងផ្សព្វផ្សាយអំពីការបង្កើត «គណៈកម្មការសន្តិភាព» ដើម្បីដោះស្រាយបញ្ហានៅតំបន់ហ្កាហ្សា៕ ប្រភព៖ ញូយ៉កប៉ុស្តិ៍ (New York Post) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ