សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការរក្សាស៊ុតក្នុងទូទឹកកកគឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីបង្ការការខូច និងពន្យារអាយុកាលប្រើប្រាស់ ប៉ុន្តែរបៀបនៃការទុកដាក់គឺជារឿងដែលត្រូវយកចិត្តទុកដាក់ខ្ពស់។
ជាទូទៅ ស៊ុតដែលទិញមកអាចមានជាប់ដី ឬលាមកសត្វដែលជាប្រភពនៃបាក់តេរីបង្កជំងឺផ្សេងៗ។ ដើម្បីធានាបាននូវអនាម័យខ្ពស់ និងការពារកុំឱ្យមេរោគរីករាលដាលដល់អាហារដទៃទៀត លោកអ្នកគួរលាងសម្អាតស៊ុតឱ្យបានស្អាតក្រោមទឹកដែលកំពុងហូរ រួចទុកវាឱ្យស្ងួតល្អជាមុនសិន ទើបដាក់ចូលក្នុងប្រអប់បិទជិត ហើយបញ្ចូលទៅក្នុងកន្លែងរក្សាភាពត្រជាក់នៃទូទឹកកក។
ការធ្វើបែបនេះមិនត្រឹមតែជួយរក្សាគុណភាពស៊ុតឱ្យនៅល្អបានយូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយទប់ស្កាត់ការចម្លងរោគឆ្លងកាត់ ក្នុងទូទឹកកកផងដែរ។
ស៊ុតគឺជាប្រភពអាហារូបត្ថម្ភដ៏វិសេស សម្បូរទៅដោយប្រូតេអ៊ីន អាស៊ីតអាមីណូ និងសារធាតុខូលីន ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ការអភិវឌ្ឍខួរក្បាល និងការចងចាំ ជាពិសេសចំពោះកុមារដែលអាចទទួលទានបានមួយគ្រាប់ក្នុងមួយថ្ងៃដោយសុវត្ថិភាព។ សម្រាប់មនុស្សពេញវ័យ ការទទួលទានពី ៣ ទៅ ៤ គ្រាប់ក្នុងមួយសប្តាហ៍គឺជារឿងដែលគួរអនុវត្តដើម្បីតុល្យភាពសុខភាព។
ទោះជាយ៉ាងណា ចំពោះអ្នកដែលមានបញ្ហាថ្លើមខ្លាញ់ ឬលើសអង់ស៊ីមថ្លើមក្នុងកម្រិតមធ្យមទៅធ្ងន់ធ្ងរ គួរកាត់បន្ថយការញ៉ាំស៊ុត ហើយប្តូរមកជ្រើសរើសប្រភពប្រូតេអ៊ីនផ្សេងៗដែលមានសុខភាពល្អជាងជំនួសវិញ ដើម្បីចៀសវាងការដាក់បន្ទុកបន្ថែមលើថ្លើម៕
ចែករំលែកព័តមាននេះ