ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់ និង​កិច្ចព្រមព្រៀង

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ ។​ នេះ​បើ​តាមអ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ។ ថ្លែង​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ ។​ នេះ​បើ​តាមអ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ។

ថ្លែង​នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ទីស្តីការគណៈ​រដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម ប៉ែន បូ​ណា​ អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ថា​ លទ្ធផល​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ សេចក្តីថ្លែង​ការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡំ​ពួរ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​ផ្តល់​កំណើត​ដល់​បទ​ឈប់​បាញ់​ជា​លើក​ទី​២ សុទ្ធសឹងតែ​ជា​ផ្លែផ្កា​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ស្មារតី​ស្រឡាញ់ និង​ការពារ​សន្តិភាព​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ​ជា​ពិសេស​សហរដ្ឋ​អាម៉េរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ម៉ា​ឡេ​ស៊ី ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៥ ​។

ឯកឧត្តម​បាន​លើក​ឡើង​ដែរ​ថា​ ក្នុង​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ ​កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សង្កត់ធ្ងន់​ថា ការ​សម្រេចចិត្ត​ទទួលយក​បទ​ឈប់​បាញ់​បាន​បង្ហាញ​ថា កម្ពុជា​សម្រេច​យក​មាគ៌ា​សន្តិភាព និង​ការ​តម្កល់​អាយុជីវិត​មនុស្ស និង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​បំផុត និង​ខ្ពស់​បំផុត​របស់​​ខ្លួន​តាម​រយៈ​ការ​បញ្ឈប់​កុំឱ្យ​មាន​អ្នក​ស្លាប់ អ្នក​រង​របួស និង​ការ​ខូចខាត​ផ្សេង​ទៀត​។

​ពាក្យ​ថា «​កម្ពុជា​ត្រូវការ​សន្តិភាព​» (Cambodia Needs Peace) បាន​លាន់ព្ញ​នៅ​គ្រប់​ទិស​ទី និង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មេដឹកនាំ​ពិភពលោក ឱ្យ​ចោល​ក្រសែភ្នែក​មក​មើល​ប្រទេស​ដ៏​តូច​មួយ​នេះ​ដែល​កំពុង​ឈរ​ការពារ​បុព្វហេតុ​សន្តិភាព​យ៉ាង​សកម្ម​ ។

ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​ថា ពាក្យ​ថា «​អរគុណ​សន្តិភាព​» ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​គ្រប់​ទិស​ទី​ដើម្បី​ជា​ការ​ដឹងគុណ ជា​ការ​ចង​ចាំ និង​ការ​ចូលរួម​ថែរក្សា​ការពារ ខណៈ​ដែល​ស្មារតី​ស្រឡាញ់​សន្តិភាព​បាន​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ក្រអៅបេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ។ សន្តិភាព​មិន​ត្រឹមតែ​ត្រូវ​បាន​ចាត់​ទុក​ថា ​មាន​សារសំខាន់​សម្រាប់​ប្រទេស​ជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ថ្នាក់ដឹកនាំ​កម្ពុជា​បាន​ចាត់​ទុក​សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ទាំងមូល​ ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ដោយ​បញ្ជាក់​ប​ន្តែ​ម​ថា ក្នុង​ន័យ​នេះ​ហើយ​ដែល​ថ្នាក់ដឹកនាំ​កម្ពុជា ជា​ពិសេស ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​បវរធិ​បតី ហ៊ុន ម៉ា​ណែ​ត តែងតែ​ចែករំលែក​អំពី​ទស្សនទាន​សន្តិភាព និង​នយោបាយ​ឈ្នះ​-​ឈ្នះ ដល់​ពិភពលោក​តាម​រយៈ​វេទិកា​អន្តរជាតិ​ជា​ច្រើន ក្នុង​រយៈពេល​ជិត​៣​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ។

នេះ​គឺជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​សន្តិភាព​ក្លាយជា​អត្តសញ្ញាណ​របស់​កម្ពុជា ក្នុង​សម័យ​ទំនើប​នេះ​ដោយ​មិន​អាច​ប្រកែក​បាន ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​ និង​ការ​លះបង់​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​ដើម្បី​សន្តិភាព​ និង​ការពារ​អាយុជីវិត​របស់​ប្រជាជន​កម្ពុជា ​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ