យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការជ្រើសរើសរវាងសាច់មាន់ និងសាច់ទា មិនមែនត្រឹមតែលើរសជាតិនោះទេ ប៉ុន្តែគឺផ្អែកលើតុល្យភាពអាហារូបត្ថម្ភ។
បើប្រៀបធៀបក្នុងបរិមាណ ១០០ ក្រាមដូចគ្នា សាច់ទាផ្ដល់ថាមពលខ្ពស់ជាង ( កាឡូរី) និងមានជាតិខ្លាញ់ច្រើនជាងសាច់មាន់ ប៉ុន្តែសាច់មាន់បែរជាមានបរិមាណប្រូតេអ៊ីនខ្ពស់ជាង និងមានកូឡេស្តេរ៉ុលទាបជាងទៅវិញ។ តាមក្បួនឱសថបុរាណ សាច់ទាត្រូវបានចាត់ទុកជា «អាហារធាតុត្រជាក់» ដែលជួយបំប៉នតម្រងនោម ស័ក្តិសមបំផុតសម្រាប់អ្នកចង់ឡើងទម្ងន់ អ្នកដែលទើបងើបពីគ្រុនក្ដៅ ឬបុរសដែលចង់បង្កើនភាពរឹងមាំ។
ទោះជាយ៉ាងណា សាច់មាន់នៅតែជាជម្រើសដំបូងសម្រាប់អ្នកចង់សម្រកទម្ងន់ និងអ្នកហាត់ប្រាណ ដោយសារវាមានសភាពទន់ ងាយស្រួលរំលាយ និងមិនសូវប៉ះពាល់ដល់ក្រពះ។ ផ្ទុយទៅវិញ សាច់ទាមានសភាពស្វិត និងពិបាករំលាយ ដែលមិនសូវល្អសម្រាប់កុមារ មនុស្សចាស់ ឬអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារឡើយ។
ជាយោបល់របស់អ្នកជំនាញ អ្នកគួរទទួលទានសាច់ទាំងពីរប្រភេទនេះឆ្លាស់គ្នា និងជ្រើសរើសវិធីចម្អិនបែបស្ងោរ ឬធ្វើជាស៊ុបដើម្បីងាយស្រួលដល់ការស្រូបយកជីវជាតិ ព្រមទាំងកុំភ្លេចទទួលទានជាមួយបន្លែបៃតង ដើម្បីទទួលបានរបបអាហារដែលមានសុខភាពល្អ និងតុល្យភាព៕
ចែករំលែកព័តមាននេះ