ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ឬពិធីសែនព្រេននានា ខាងមុខនេះ ការដុតធូប និងក្រដាសមាសក្រដាសប្រាក់ គឺជាទំនៀមទម្លាប់ដែលត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ប៉ុន្តែនៅពីក្រោយផ្សែងហុយៗទាំងនោះ គឺជាប្រភពនៃសារធាតុបំពុលខ្យល់ដ៏គ្រោះថ្នាក់បំផុត។
ផ្សែងដែលភាយចេញពីការដុតសម្ភារៈទាំងនេះមានផ្ទុកនូវឧស្ម័នពុល ឧស្ម័នផ្ទះកញ្ចក់ និងជាពិសេសគឺលោហធាតុធ្ងន់ចំនួន ៤ ប្រភេទរួមមាន ក្រូមីញ៉ូម នីកែល សំណ និងម៉ង់ហ្គាណែស ដែលមាននៅក្នុងផេះធូប និងក្រដាស។ សារធាតុទាំងនេះត្រូវបានគេស្គាល់ថាជាភ្នាក់ងារបង្កជំងឺមហារីកផ្លូវដង្ហើម និងអាចបំផ្លាញកោសិកាសួតយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមានការស្រូបចូលក្នុងបរិមាណច្រើន និងរយៈពេលយូរ។
ក្រុមមនុស្សដែលងាយរងគ្រោះបំផុតពីជាតិពុលទាំងនេះ រួមមានកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយស្រាប់ដូចជា ជំងឺហឺត អាឡែស៊ី ជំងឺសរសៃឈាមបេះដូង និងជំងឺស្ទះសួតរ៉ាំរ៉ៃ។ ការប៉ះពាល់នឹងផ្សែងក្នុងបន្ទប់ដែលគ្មានខ្យល់ចេញចូលល្អ ឬក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដែលបិទជិត នឹងធ្វើឱ្យជាតិពុលទាំងនេះដិតជាប់ក្នុងខ្យល់បានយូរ ដែលបណ្ដាលឱ្យមានរោគសញ្ញាភ្លាមៗដូចជា រមាស់ភ្នែក ឈឺច្រមុះ ឬថប់ដង្ហើម និងបង្កជាជំងឺកាចសាហាវក្នុងរយៈពេលវែងដោយមិនដឹងខ្លួន។
ដើម្បីរក្សាបាននូវសេចក្ដីសុខក្នុងពិធីបុណ្យ និងសុខភាពមាំមួន លោកអ្នកគួរផ្លាស់ប្តូរមកអនុវត្តវិធីសាស្ត្រការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ការជ្រើសរើសប្រើធូបខ្លីៗដើម្បីកាត់បន្ថយបរិមាណផ្សែង និងការដុតក្រដាសសែនក្នុងបរិមាណតិចតួចនៅក្នុងធុងដែលមានគម្របបិទជិត គឺជាជំហានដំបូងដ៏សំខាន់។ លើសពីនេះ គួរដាក់ចង្ក្រានធូប ឬធុងដុតក្រដាសនៅខាងក្រៅអគារ ដែលមានខ្យល់អាកាសបរិសុទ្ធ និងត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវជានិច្ចនៅពេលកំពុងធ្វើពិធី។ បន្ទាប់ពីបញ្ចប់ការសែនព្រេន លោកអ្នកត្រូវប្រញាប់ពន្លត់ភ្លើងឱ្យអស់ដោយប្រើទឹក ឬខ្សាច់ និងលាងសម្អាតដៃ មុខ និងភ្នែកឱ្យបានហ្មត់ចត់ ដើម្បីជម្រះជាតិពុលដែលជាប់នឹងរាងកាយ។
ការយល់ដឹង និងការការពារខ្លួនពីផ្សែងពុលទាំងនេះ គឺជាកាដូដ៏ល្អបំផុតសម្រាប់សុខភាពខ្លួនឯង និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសបុណ្យទាន៕
ចែករំលែកព័តមាននេះ