ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីជោគជ័យក្នុងការទទួលបានសិទ្ធិចូលប្រើប្រាស់កោះហ្គ្រីនឡែនទាំងស្រុង និងជាអចិន្ត្រៃយ៍ តាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយអង្គការ NATO។ នេះបើយោងតាមសារព័ត៌មាន Reuters និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៣ ខែមករានេះ។
ការសម្រេចបាននូវក្របខ័ណ្ឌនេះ បានធ្វើឱ្យលោក ត្រាំ យល់ព្រមដកថយពីការគំរាមកំហែងដាក់ពន្ធដារលើទំនិញអឺរ៉ុប និងលែងចង់ប្រើកម្លាំងបាយដើម្បីដណ្ដើមយកកោះនេះទៀតហើយ។ ទោះជាយ៉ាងណា ភាគីកោះហ្គ្រីនឡែន និងដាណឺម៉ាក នៅតែប្រកាន់ជំហរដាច់ខាតថា កិច្ចព្រមព្រៀងនេះគឺជា «ភាពជាដៃគូយោធា» ប៉ុណ្ណោះ មិនមែនជាការលក់ដូរអធិបតេយ្យភាពជាតិឡើយ។ គោលបំណងចម្បងនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីរារាំងឥទ្ធិពល និងការវិនិយោគពីប្រទេសចិន និងរុស្ស៊ី នៅក្នុងតំបន់អាកទិក។
គួររំលឹកថាជម្លោះដ៏ក្ដៅគគុកនេះបានផ្ទុះឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ បានបង្ហាញមហិច្ឆតាចង់ «ទិញយកកោះហ្គ្រីនឡែនទាំងមូល» ពីប្រទេសដាណឺម៉ាក ដើម្បីពង្រីកឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់អាម៉េរិក។ នៅពេលដែលប្រទេសដាណឺម៉ាក និងសហភាពអឺរ៉ុបបានបដិសេធ និងរិះគន់សំណើនេះ លោក ត្រាំ បានតបតវិញដោយការគំរាមដាក់ពន្ធលើទំនិញអឺរ៉ុបរហូតដល់ ២៥% និងបានបង្ហោះរូបភាពផែនទីកែច្នៃដែលដាក់ទង់ជាតិអាម៉េរិកគ្របលើកោះនេះ ដែលបង្កឱ្យមានភាពតានតឹងផ្នែកការទូតខ្លាំងបំផុតរវាងអាម៉េរិក និងអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍៕
ចែករំលែកព័តមាននេះ