ខេត្តកណ្តាល ៖ បុរសពីរនាក់ ជាក្លើនឹងគ្នា បានអង្គុយផឹកស្រាថ្នាំជាមួយគ្នា អស់ចំនួន៣លីត្រ ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែបុរសម្នាក់ បបួលក្លើសាកក្បាច់គុណ បានវាយទាត់គ្នាទៅវិញទៅមក បណ្តាលអោយអ្នកចាញ់ និងអ្នកឈ្នះ ត្រូវបានភរិយារបស់អ្នកបាត់បង់ជីវិត ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន ។
ហេតុការណ៍សាកក្បាច់គុណនេះ បានកើតឡើងកាលពីម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះដែលស្លាប់បាត់ជីវិត មានឈ្មោះ កែប នឿន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ ឈ្មោះ តោង តុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ជាក្លើជាមួយជនរងគ្រោះ ។
យោងតាម សមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានអង្គុយផឹកស្រាថ្នាំ ជាមួយគ្នា នៅក្រោមដើមខ្នុរ មុខផ្ទះស្ត្រីម្នាក់ ឈ្មោះ ណេត ស្រីមុំ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ លុះផឹកស្រាថ្នាំអស់ចំនួន៣លីត្រ ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ជនរងគ្រោះឈ្មោះ កែប នឿន បាននិយាយទៅកាន់ជនសង្ស័យឈ្មោះ តោង តុង ថា ថ្ងៃនេះ ដូចជាចង់សាកក្បាច់គុណ ជាមួយឯងម្តង និយាយចប់ ជនរងគ្រោះ បានស្ទុះទាត់ទៅលើជនសង្ស័យ ចំនួនពីរជើងត្រូវចំមុខ ស្រាប់តែភ្លាមនោះ ជនសង្ស័យខឹងក្តៅស្លឹកត្រចៀក ក៏បានស្ទុះក្រោកឡើង ហក់ទៅទាត់ជនរងគ្រោះ ចំនួន២ជើងវិញ ចំផ្ទៃមុខ បណ្តាលឲ្យដួលទៅលើដី ហើយជនសង្ស័យបានដាល់មុខជនរងគ្រោះ ២ដៃ បន្ថែមទៀតបណ្តាលឲ្យហូរឈាមរបួសធ្ងន់។ បន្ទាប់ពីវាយគ្នាទៅវិញទៅមក ទាំងជនសង្ស័យ និងជនរងគ្រោះ បានចែកផ្លូវគ្នា ទៅផ្ទះសម្រាកជាធម្មតារៀងៗខ្លួន ។
សមត្ថកិច្ច បានឱ្យដឹងបន្តថា លុះដល់ព្រឹកឡើងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៩និង១០នាទីព្រឹក ជនរងគ្រោះមានសភាពមិនស្រួលខ្លួន ដោយសារមានជំងឺប្រចាំកាយលើសឈាមយូរឆ្នាំផង និងរងរបួសដោយសារជនសង្ស័យវាយផងនោះ ក៏មានអាការមិនស្រួលខ្លួន។ ហើយប្រពន្ធ និងគ្រួសារ ក៏បានបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឃុំសំរោងធំ ភ្លាមៗផងដែរ តែដោយសារជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យជំនាញមណ្ឌលសុខភាពឃុំសំរោងធំ ក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ។
សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីពីរជនរងគ្រោះបាត់បង់ជីវិត ប្រពន្ធជនរងគ្រោះឈ្មោះ ស៊ុន ណារី បានទូរសព្ទទៅប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ឲ្យឃាត់ខ្លួនជនសង្ស័យឈ្មោះ តោង តុង ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកប៉ុស្ដិ៍ ដើម្បីសាកសួរ ។
ប្រភពពីប្រពន្ធជនរងគ្រោះ បានបន្តថា ប្តីរបស់គាត់ឈ្មោះ កែប នឿន មានជំងឺលើសឈាមរយៈពេល៥ឆ្នាំហើយ និងលេបថ្នាំលើសឈាម ជាប្រចាំថ្ងៃផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ