ទីក្រុងហុងកុង ៖ ប៉ូលិសហុងកុង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ពួកគេកំពុងស៊ើបអង្កេតរបាយការណ៍មួយ អំពីការសង្ស័យថាមានការរំលោភបំពានលើកុមារ បន្ទាប់ពីបុរសម្នាក់បានចូលរួមប្រកួតព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុងប្រចាំឆ្នាំរបស់ទីក្រុងនេះ ដោយមានស្ពាយទារកម្នាក់ជាប់ជាមួយផងដែរ អំឡុងពេលប្រកួត។ នេះបើតាមប្រភពពីសារព័ត៌មានសិង្ហបុរី The Straits Times ចេញផ្សាយកាលពីថ្ងៃទី២១ ខែមករា ដោយស្រង់ប្រភពពីភ្នាក់ងារសារព័ត៌មាន AFP និង South China Morning Post។
វីដេអូបុរសម្នាក់រត់ជាមួយអាវកាក់ និងលេខសំគាល់ ដោយមានស្ពាយទារកម្នាក់ជាប់នឹង ទ្រូង អំឡុងពេលប្រកួតម៉ារ៉ាតុងប្រចាំឆ្នាំ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ កន្លងទៅ បានផ្ទុះឡើងពេញបណ្តាញទំនាក់ទំនងសង្គម។
ទោះយ៉ាងណាក៏ដោយ ប៉ូលិសហុងកុងបានអះអាងថា ករណីនេះត្រូវបានបញ្ជូនទៅអង្គភាពស៊ើបអង្កេតការរំលោភបំពានលើកុមារ ដោយបានបន្ថែមថា ពួកគេបានទទួលរបាយការណ៍មួយថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍រត់នៅថ្ងៃទី១៨ ខែមករា បញ្ចប់ ដោយចោទប្រកាន់បុរសចិនដីគោកម្នាក់ពីបទរំលោភបំពានលើកុមារ។ ជាមួយគ្នានោះ ប៉ូលិសបានបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានការចាប់ខ្លួននរណាម្នាក់នៅឡើយទេ។
តាមកាសែត South China Morning Post បានរាយការណ៍ថា ប្រភពព័ត៌មានមួយបានអះអាងថា មន្ត្រីស៊ើបអង្កេតដែលទទួលបន្ទុកករណីនេះ បានទាក់ទងទៅបុរសរត់ដែលបានគេចខ្លួនរួចហើយរូបនេះ ដោយកំពុងរៀបចំពេលវេលាសម្រាប់គាត់ត្រឡប់មកកាន់ទីក្រុងហុងកុងវិញ ដើម្បីសហការស៊ើបអង្កេត ដោយបន្ថែមថា បុរសរូបនេះរស់នៅទីក្រុងណាននីង (Nanning) នៃតំបន់ស្វយ័តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន។
ពាក់ព័ន្ធនឹងបញ្ហានេះ សមាគមសម្ព័ន្ធអត្តពលកម្មហុងកុង-ចិន បានឱ្យដឹងថា បុរសនោះមិនបានបញ្ចប់ការរត់ប្រណាំងពេញលេញរបស់ខ្លួននោះទេ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់ត្រូវបានស្នើសុំឱ្យឈប់រត់ភ្លាមៗ ហើយត្រូវបានប្រាប់ឱ្យចាកចេញពីផ្លូវរត់ប្រណាំងតែម្តង៕

ចែករំលែកព័តមាននេះ