សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ្នកកាសែតប៉ាឡេស្ទីន៣នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី២១មករា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើរថយន្តរបស់ពួកគេនៅភាគកណ្ដាលជ្រោយហ្គាហ្សាជិតច្រកណេតហ្សារីម ។
អ្នកកាសែតទាំង៣នាក់នោះ លោកANAS GHUNAIM លោក ABDUL SHAATH និងលោកMOHAMMAD QESHTA ្គឺជាអ្នកកាសែតថតរូបភាពនៅហ្គាហ្សា ។ ពួកគេរងការវាយប្រហារពេលកំពុងថតរូបភាពជំរុំជនភៀសខ្លួនមួយដែលបង្កើតនាពេលថ្មីៗនេះ នៅភាគកណ្ដាលជ្រោយហ្គាហ្សា ។ បណ្ដាវីដេអូផ្សាយតាមបណ្ដាញសង្គម បង្ហាញរថយន្ត១គ្រឿងត្រូវភ្លើងឆេះដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ហើយឃើញភ្លើងនៅឆេះមិនទាន់រលត់អស់នៅឡើយ។
រូបភាពដទៃៗទៀតបង្ហាញបណ្ដាសហសេវិក និងសាច់ញាតិ ឬមិត្តភក្ដិកំពុងមកយកសពពួកគេ។ ការវាយប្រហារកើតមាននៅតំបន់អាល់សារ៉ា ភាគកណ្ដាលជ្រោយហ្គាហ្សា ។ សពអ្នកកាសែតទាំង៣នាក់នោះ ត្រូវបានយកមកកាន់មន្ទីរពេទ្យធំមួយ។
តាមសាក្សីទាំងឡាយថា អ្នកកាសែតទាំង៣នាក់នោះកំពុងប្រើដ្រូនមួយថតរូបភាពនៃការចែកចាយជំនួយមនុស្សធម៌ គ្រប់គ្រងដោយគណៈកម្មាធិការសង្គ្រោះអេហ្ស៊ីប។ កងទ័ពអ៊ីស្រាអែលលើកឡើងថា អ្នកកាសែតទាំងនេះប្រើដ្រូន ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍ពីកងទ័ពអ៊ីស្រាអែល តែមិនផ្ដល់ភស្ដុតាងឡើយ។
ក្នុងសេចក្ដីប្រកាសមួយកងទ័ពអ៊ៅស្រាអែលនិយាយថា បានវាយប្រហារមនុស្សសង្ស័យ៣នាក់ដែលបង្ហោះដ្រូនមួយចាត់ទុកថាគំរាមកំហែងសម្រាប់កងទ័ពខ្លួន ៕
ចែករំលែកព័តមាននេះ