ជំនឿ៖ យោងតាមការស្រាវជ្រាវនិងការផ្សាយរបស់សារព័ត៌មានបរទេស ការរៀបចំម្ហូបអាហារសម្រាប់សែនដូនតាក្នុងពិធីបុណ្យចូលឆ្នាំចិន ២០២៦ គឺជាកិច្ចការដ៏សំខាន់ដែលទាមទារការសម្រិតសម្រាំងខ្ពស់ ដើម្បីបង្ហាញពីការគោរព និងដើម្បីធានាថាគ្រួសារនឹងទទួលបាននូវអាហារដែលមានអនាម័យក្រោយពេលសែនរួច។
តាមការណែនាំរបស់អ្នកជំនាញអាហារូបត្ថម្ភ ការជ្រើសរើសសាច់សត្វដូចជាមាន់ និងទា ត្រូវពិនិត្យឱ្យឃើញថាមានសាច់ពណ៌ផ្កាឈូកធម្មជាតិ ស្បែកស្អាតគ្មានរោម និងគ្មានក្លិនមិនល្អ។ ចំពោះសាច់ជ្រូកវិញ ត្រូវជៀសវាងសាច់ដែលមានដុំពកតូចៗ ដែលជាសញ្ញានៃស៊ុតព្រូន ខណៈស៊ុតមាន់ឬទា ត្រូវជ្រើសរើសសំបកដែលមានសភាពរដុបបន្តិច និងមិនស្រាលពេកដែលបញ្ជាក់ថាជាស៊ុតថ្មីស្រស់។
ក្រៅពីសាច់សត្វ ការជ្រើសរើសបន្លែ ផ្លែឈើ និងនំចំណី ក៏មានសារៈសំខាន់មិនអាចខ្វះបានឡើយ។ អ្នកគួរជ្រើសរើសបន្លែផ្លែឈើតាមរដូវកាលដែលមានពណ៌ស្រស់ធម្មជាតិ មិនមានស្លាកស្នាមរលួយ ឬផ្សិត ហើយត្រូវជៀសវាងរបស់ដែលមានជាប់កាកសំណល់សត្វល្អិតពណ៌ស។ ចំពោះនំផ្អែមៗ ត្រូវពិនិត្យស្លាកសញ្ញាកាលបរិច្ឆេទឱ្យបានច្បាស់លាស់ និងជៀសវាងនំដែលមានពណ៌ឆើតឆាយខុសពីធម្មជាតិ។ ចំណុចដែលសំខាន់បំផុតសម្រាប់អ្នកមេផ្ទះ គឺការលាងសម្អាតគ្រឿងផ្សំទាំងអស់ជាមួយទឹកស្អាតឱ្យបាន ២ ទៅ ៣ ដង មុននឹងយកទៅចម្អិន ដើម្បីជម្រះជាតិគីមី និងមេរោគផ្សេងៗ ធានាបាននូវសិរីសួស្ដី និងសុខភាពមាំមួនដល់សមាជិកគ្រួសារគ្រប់រូបក្នុងឆ្នាំថ្មី។
យោងតាមប្រតិទិន ថ្ងៃសំខាន់ៗទាំង ៣ រួមមាន៖ ថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ជាថ្ងៃដើរទិញអីវ៉ាន់ ដើម្បីត្រៀមគ្រឿងសែនព្រេន, ថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ជាថ្ងៃសែន សម្រាប់គោរពបូជាដល់ទេវតានិងបុព្វបុរស និង ថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ជាថ្ងៃចូលឆ្នាំ (ថ្ងៃដើរលេង) ដែលជាការចាប់ផ្ដើមនៃឆ្នាំថ្មីប្រកបដោយសិរីសួស្ដី៕
ចែករំលែកព័តមាននេះ