ចំណេះដឹង៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការលាលែងពីការងារដោយរក្សាបាននូវកេរ្តិ៍ឈ្មោះល្អ និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាសិល្បៈមួយដែលបុគ្គលិកគ្រប់រូបគួរយល់ដឹង ដើម្បីធានាថា “ផ្លូវក្រោយ” របស់អ្នកនៅតែស្អាតស្អំ។
ជំហានដំបូងបំផុតគឺការឈ្វេងយល់ឱ្យច្បាស់ពីលក្ខខណ្ឌក្នុងកិច្ចសន្យា ជាពិសេសរយៈពេលនៃការជូនដំណឹងមុន ដែលជាទូទៅមានរយៈពេល ៣០ ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកអ្នកជំនួស។ បន្ទាប់មក អ្នកត្រូវរៀបចំលិខិតលាលែងពីតំណែងឱ្យបានផ្លូវការ និងមានលក្ខណៈវិជ្ជាជីវៈ ដោយបញ្ជាក់ពីកាលបរិច្ឆេទចុងក្រោយនៃការធ្វើការឱ្យបានច្បាស់លាស់។
ការផ្ដល់ព័ត៌មានទៅកាន់ថ្នាក់លើផ្ទាល់មុនពេលប្រកាសជាសាធារណៈ គឺជាការផ្ដល់កិត្តិយស និងជួយឱ្យពួកគាត់មានពេលរៀបចំផែនការការងារបន្ត។ អ្វីដែលសំខាន់បំផុតក្នុងអំឡុងពេលរង់ចាំថ្ងៃចាកចេញ គឺការបញ្ចប់រាល់កិច្ចការដែលនៅសេសសល់ និងការរៀបចំឯកសារប្រគល់ការងារឱ្យបានហ្មត់ចត់បំផុត ដើម្បីកុំឱ្យក្លាយជាបន្ទុកដល់មិត្តរួមការងារដែលនៅបន្ត។
ការធ្វើបែបនេះមិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរក្សានូវទំនាក់ទំនងល្អសម្រាប់ការសាកសួរព័ត៌មានយោងពីសំណាក់ក្រុមហ៊ុនថ្មីរបស់អ្នកនាពេលអនាគតផងដែរ។
នៅពេលដែលអ្នករៀបចំខ្លួនបានល្អទាំងការចាកចេញពីកន្លែងចាស់ និងការត្រៀមលក្ខណៈសម្រាប់កន្លែងថ្មី អ្នកនឹងមានភាពជឿជាក់ក្នុងការបោះជំហានទៅមុខ។ ចូរចងចាំថា ពិភពការងារគឺតូចណាស់ ការចាកចេញដោយស្នាមញញឹម និងការទទួលខុសត្រូវ នឹងក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់អាជីពរបស់អ្នកជារៀងរហូត៕
ចែករំលែកព័តមាននេះ