ទីក្រុងដាវ៉ូស៖ អគ្គលេខាធិការអង្គការណាតូ លោកម៉ាក រូតថឺ (Mark Rutte) ថ្លែងថាលោកត្រាំពិតជាមានទស្សនវិស័យត្រឹមត្រូវពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅតំបន់អាកទិច (Arctic) (ប៉ូលខាងជើង)។ មូលហេតុនេះហើយបានជាលោកចង់គ្រប់គ្រងកោះហ្គ្រីនលែន។ ប៉ុន្តែលោករូតថឺចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធីដោយប្រើប្រាស់នយោបាយការទូតជាជាងប្រឈមមុខដាក់គ្នានៅក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត។

នៅពេលនិយាយអំពីបញ្ហាសន្តិសុខនៅតំបន់អាកទិច ខ្ញុំយល់ថាលោកត្រាំគិតត្រូវ។ លោកថាប្រទេសរុស្ស៊ី និងចិនទៅវិញទេដែលជាគូបដិបក្ខពិតប្រាកដរបស់ក្រុមសម្ព័ន្ធមិត្តនៅតំបន់ប៉ូល។ លោកថ្លែងដូច្នេះនៅឯវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំនៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស។ លោករូតថឺយល់ថាសម្រាប់ពេលនេះកុំទាន់គិតអ្វីវែងឆ្ងាយ គួរបន្តគិតអំពីការដោះស្រាយបញ្ហាអ៊ុយក្រែនជាចំណុចអាទិភាព។ លោកយល់ថាអ៊ុយក្រែនជាបញ្ហាសំខាន់សម្រាប់សន្តិសុខនៅអឺរ៉ុប និងអាមេរិកខាងជើង។

អគ្គលេខាធិការអង្គការណាតូរូបនេះថ្លែងថាលោកសូមមិនធ្វើអត្ថាធិប្បាយជាចំហទេពាក់ព័ន្ធនឹងជម្លោះរវាងអាមេរិក និងដាណឺម៉ាក។ ប៉ុន្តែលោកខិតខំធ្វើការនៅពីក្រោយឆាកដើម្បីដោះស្រាយបញ្ហា។ នៅពេលលោកត្រាំចង់គ្រប់គ្រងកោះហ្គ្រីនលែនកាន់តែខ្លាំងឡើងយ៉ាងដូច្នេះបង្កការភ្ញាក់ផ្អើលសម្រាប់ថ្នាក់ដឹកនាំអឺរ៉ុប និងធ្វើឱ្យអឺរ៉ុប និងអាមេរិកមើលមុខគ្នាមិនចំ។ នាយករដ្ឋមន្ត្រីប៉ូឡូញថ្លែងថាលោកចង់ដោះស្រាយបញ្ហាកោះហ្គ្រីនលែនតាមមធ្យោបាយការទូត។ ប៉ុន្តែយ៉ាងហោចណាស់ អឺរ៉ុបក៏គួរស្ដាប់ពាក្យសម្ដីរបស់លោកត្រាំខ្លះផង។

ប្រធានគណៈកម្មការអឺរ៉ុបថ្លែងថាអឺរ៉ុបត្រូវរវាសរវៃជាងមុន ហើយត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងក្លាព្រោះពិភពលោកសព្វថ្ងៃនេះត្រូវកំណត់ដោយកម្លាំង។ នៅពេលក្រុមសម្ព័ន្ធមិត្តរវល់តែឈ្លោះគ្នាដណ្ដើមកោះហ្គ្រីនលែន ក្រុមបដិបក្សរបស់យើងកំពុងសម្ងំយកពិស។ លោកស្រីយល់ថាសណ្ដាប់ធ្នាប់ពិភពលោកមិនត្រឹមតែផ្លាស់ប្ដូរយ៉ាងគំហុកប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្លាស់ប្ដូរជាអចិន្ត្រៃយ៍៕ ប្រភព៖ ដឹហ្កាឌាន (The Guardian)
ចែករំលែកព័តមាននេះ