ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋ​មន្ត្រីកូរ៉េ​ខាង​ត្បូង​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២៣​ឆ្នាំ​

8 ម៉ោង មុន

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​នេះ អតីត​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​ លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ត្រូវ​បាន​តុ​លា​ការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២៣​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​បះ​បោរ​​។ តាម​ពិត​ លោក​ហាន​មិន​មែន​ជា​អ្នក​ដៃ​ដល់​នៅ​ក្នុង​អំពើ​ទាំង​នេះ​ទេ​…

ទី​ក្រុង​សេអ៊ូល៖ ថ្ងៃ​នេះ អតីត​នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាង​ត្បូង​ លោក​ហាន​ដុក​ស៊ូ (Han Duck-soo) ត្រូវ​បាន​តុ​លា​ការ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​២៣​ឆ្នាំ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​បះ​បោរ​​។ តាម​ពិត​ លោក​ហាន​មិន​មែន​ជា​អ្នក​ដៃ​ដល់​នៅ​ក្នុង​អំពើ​ទាំង​នេះ​ទេ​ ប៉ុន្តែ​លោក​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អតីត​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង លោក​យូន​ស៊ុក​យូល​ (Yoon Suk-yeol)។ លោក​យូន​ក៏​កំពុង​ត​តាំង​ក្ដី​នៅ​ក្នុង​តុលាការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ផង​ដែរ​។

តុលាការ​រក​ឃើញ​ថា​លោក​ហាន​ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​នៅ​ក្នុង​រឿង​នេះ​​។ លោក​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​សម​គំនិត​ និង​ជួយ​ជ្រោម​ជ្រែង​អំពើ​បះ​បោរ​ និង​និយាយ​ភូត​កុហក​ជា​សា​ធារណៈ​។ មែន​ទែន​ទៅ​ អំពើ​បះ​បោរ​មាន​ន័យ​ស្មើ​នឹង​ក្បត់​ជាតិ​ ហើយ​​មិន​មែន​ជា​ទោស​ស្រាល​នោះ​ទេ​។ ​ដូច្នេះ ​អាច​ចាត់​ទុក​ថា​ធូរ​ស្រាល​ហើយ​ត្រឹម​ជាប់​ពន្ធនាការ​រយៈ​ពេល​២៣​ឆ្នាំ​នោះ​។​

លោក​ហាន​​​ត្រូវ​លោក​យូន​ស៊ុក​យូល​តែង​តាំង​ជា​នាយក​រដ្ឋ​មន្ត្រី​។ ដូច្នេះ លោក​ជា​​​មនុស្ស​មាន​អំណាច​ទី​២​នៅ​ក្នុង​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​។ ក្រោយ​ពេល​លោក​យូន​ស៊ុក​យូល​ត្រូវ​រដ្ឋ​សភា​បោះ​ឆ្នោត​ព្យួរ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​ស៊ើប​អង្កេត​ លោក​ហាន​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ស្ដី​ទី​​​។ ក្រោយ​មក​ តុលាការ​ធម្ម​នុញ្ញ​សម្រេច​ដក​តំណែង​លោក​យូន​ស៊ុក​យូល​ជា​ស្ថា​ពរ​។

អំពើ​បះ​បោរ​ជា​បទ​ល្មើស​ឧក្រិដ្ឋ​​​ធ្ងន់ធ្ងរ​​បំផុត​នៅ​កូរ៉េ​ខាង​ត្បូង​​ដែល​អាច​​ទទួល​ទោស​​​ប្រហារ​ជីវិត។ ចំពោះ​លោក​យូន​ស៊ុក​យូល​ដែល​ជា​មេ​ខ្លោង​ធំ​ជាង​គេ​ ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ឯក​រាជ្យ​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​លោក​តែ​ម្ដង​។​ ​ករណី​លោក​យូន​ស៊ុក​យូល​នឹង​ត្រូវ​តុលាការ​សាលា​ដំបូង​ប្រចាំ​ទី​ក្រុង​សេអ៊ូល​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៨ ខែកុម្ភៈ​ខាង​មុខ​នេះ​។

នៅ​ក្នុង​ការ​ប្រកាស​សាល​ក្រម​ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍​នៅ​ថ្ងៃ​នេះ តុ​លា​ការ​ទី​ក្រុង​សេអ៊ូល​ចាត់​ទុក​​ថា​ការ​ដែល​លោក​យូន​ស៊ុក​យូល​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាល​ពី​ចុង​ឆ្នាំ​២០២៤​នោះ​ជា​អំពើ​បះ​បោរ​ដោយ​យោង​ទៅ​លើ​ការ​ដាក់​ពង្រាយ​កម្លាំង​យោ​ធា និង​នគរ​បាល​ហ៊ុម​ព័ទ្ធ​បរិវេណ​វិមាន​រដ្ឋ​សភា​​ និង​កា​រិ​យា​ល័យ​បោះ​ឆ្នោត​។ នេះ​ជា​អំពើ​បះ​បោរ ឬ​ការ​ធ្វើ​រដ្ឋ​ប្រហារ​រដ្ឋាភិបាល​ខ្លួន​ឯង។ ការ​ធ្វើ​របៀប​នេះ​ធ្វើ​ឱ្យ​តម្លៃ​រដ្ឋ​ធម្ម​នុញ្ញ​ចុះ​ខ្សោយ​ ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ស្ថិរ​ភាព​ជាតិ​។​

ចំពោះ​ករណី​លោ​កហាន​ដុក​ស៊ូ តុលាការ​រក​ឃើញ​ថា​លោក​ក៏​មាន​តួ​នាទី​ធំ​ណាស់​ដែរ​នៅ​ក្នុងអំពើ​បះ​បោរ​នោះ​​ព្រោះ​លោក​​​ព្យាយាម​ផ្ដល់​ភាព​ស្រប​ច្បាប់​ចំពោះ​ការ​ចេញ​ក្រឹត្យ​ឱ្យ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ ហើយ​យក​ទៅ​ឆ្លង​គណៈ​រដ្ឋ​មន្ត្រី​។ តុលាការ​ក៏​បាន​ផ្ដន្ទា​ទោស​លោក​ហាន​​ពី​បទ​ក្លែង​ឯក​សារ​ស្ដី​ពី​ការ​ប្រកាស​ច្បាប់​អាជ្ញា​សឹក​ និង​​​បំផ្លាញ​ភស្តុតាង​នេះ​ចោល​ និង​មួយ​ករណី​ទៀត​​ពី​បទ​និយាយ​ភូត​កុហក​ក្រោម​សម្បថ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ