រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជាបានបន្តរងឥទ្ធិពលព្យុះទី១ ឈ្មោះ ណូកាន (Nokaen) ជាហេតុធ្វើឲ្យមានអាកាសធាតុចុះត្រជាក់ ដូច្នេះសូមមានការប្រុងប្រយ័ត្ន ។
យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក បានលើកឡើងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា ព្យុះទី១ឈ្មោះ ណូកាន (Nokaen) នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែល បក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។
ចំណែកនៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ១៧°C និងសីតុណ្ហភាពមធ្យមអតិបរមា ២៩°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៤ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី កំពង់ស្ពឺ ស្ទឹងត្រែង តំបន់ជួរភ្នំក្រវាញ និងជួរ ភ្នំដងរែក ពុំមានភ្លៀងធ្លាក់ទេ ។
ដោយឡែកនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ