យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ទោះបីតែម៉ាច់ឆា (Matcha) ជាភេសជ្ជៈផ្តល់សុខភាព ប៉ុន្តែវាមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នានោះទេ ដោយសារវាមានកម្រិតជាតិកាហ្វេអ៊ីនខ្ពស់ និងវីតាមីន K ច្រើន។
អ្នកមានជំងឺបេះដូង លើសឈាម ឬបញ្ហាគេងមិនលក់ គួរប្រុងប្រយ័ត្នព្រោះវាអាចធ្វើឱ្យបេះដូងលោតញាប់ និងរំញោចសរសៃប្រសាទខ្លាំង។ ចំពោះអ្នកកំពុងប្រើថ្នាំរំលាយឈាម ជាតិវីតាមីន K ក្នុងម៉ាច់ឆាអាចកាត់បន្ថយប្រសិទ្ធភាពថ្នាំ បង្កជាហានិភ័យកំណកឈាម។
ស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាក្រពះក៏គួរកម្រិតការទទួលទានដែរ ព្រោះវាអាចរំខានដល់ការបឺតស្រូបជាតិដែក អាស៊ីតហ្វូលិក និងធ្វើឱ្យច្រាលអាស៊ីតក្រពះកាន់តែខ្លាំង។ ជាពិសេស កុមារអាយុក្រោម ១២ ឆ្នាំគួរចៀសវាងដាច់ខាត ដើម្បីការពារការប៉ះពាល់ដល់ការលូតលាស់នៃប្រព័ន្ធសរសៃប្រសាទ។
ជាដំបូន្មាន អ្នកជំនាញណែនាំថាមិនគួរទទួលទានម៉ាច់ឆានៅពេលពោះទទេឡើយ ដើម្បីចៀសវាងការរលាកភ្នាសក្រពះ៕
ចែករំលែកព័តមាននេះ