ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាទម្លាយភស្តុតាង៣ចំណុច ដែលភាគីថៃបានរំលោ.ភបំពានបូរណភាពទឹកដីក្រោយ បទឈប់បា.ញ់

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​តវ៉ា​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ក្នុង​តំបន់​ដែល​បាន​កាន់កាប់ ។ ជាក់ស្តែង​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា​នេះ​ថា ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​តវ៉ា​ផ្លូវការ​ជា​ថ្មី​ម្ដងទៀត…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​តវ៉ា​ប្រឆាំង​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ​ក្នុង​តំបន់​ដែល​បាន​កាន់កាប់ ។

ជាក់ស្តែង​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា​នេះ​ថា ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​តវ៉ា​ផ្លូវការ​ជា​ថ្មី​ម្ដងទៀត ប្រឆាំង​ចំពោះ​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ដែល​ផ្ទុយ​ទៅ​នឹង​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​មាន​ចែង​ក្នុង​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

បន្ថែម​ពី​នេះ​ទៀត សកម្មភាព​ទាំងនេះ បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា បង្ក​ឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៦ រួម​មាន​ដូច​ជា ៖

១. ការ​តម្កល់​រូបសំណាក​ព្រះពុទ្ធ​បដិមា នៅ​លើ​ទីតាំង​រូបសំណាក​បដិមា​ព្រះ​វិស្ណុ ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​មន្ត្រី​យោធា​ថៃ នៅ​តំបន់​អានសេះ ខេត្តព្រះវិហារ​។
២. ការ​ដាក់​រាយ​កុងតឺន័រ ដើម្បី​រាំងផ្លូវ នៅ​តំបន់​បឹង​ត្រកួន ខេត្តបន្ទាយមានជ័យ​។
៣. ការ​សាងសង់​លេណដ្ឋាន​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ នៅ​តំបន់​បឹង​ត្រកួន​។

ក្រសួងការបរទេស​បាន​បន្ត​ទៀត​ថា កម្ពុជា​អំពាវនាវ​ឱ្យ​ប្រទេស​ថៃ អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ស្មោះត្រង់​នូវ​ប្រការ​ទាំងអស់ នៃ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់ ព្រមទាំង​ស្ដារ​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​។

កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​របស់​ខ្លួន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ហើយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ថា ព្រំដែន​មិន​ត្រូវ​បាន​កែប្រែ​ដោយ​ប្រើ​កម្លាំង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ