រាជធានីភ្នំពេញ ៖ គ្រប់សហព័ន្ធកីឡាជាតិនឹងទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្តបន្ថែមប្រសិនបើបានបំពេញលក្ខខណ្ឌចំនួន៣ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។នេះបើតាមការលើកឡើងរបស់ឯកឧត្តមវ៉ាត់ ចំរើនរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានៅក្នុងអង្គប្រជុំជាមួយសហព័ន្ធកីឡាជាតិនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាកាលពីថ្ងៃទី២០ ខែមករា។
ឯកឧត្តមវ៉ាត់ ចំរើន បានបន្តថា ចំពោះលក្ខខណ្ឌទាំង៣ដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ឱ្យអនុវត្តន៍នៅក្នុងឱកាសនេះរួមមាន៖
ទី១-ពិនិត្យមើលគុណផលបច្ចេកទេសកីឡា សកា្ដនុពលរបស់សហព័ន្ធក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទី២-ពិនិត្យវាយតម្លៃលើការរីកចម្រើន និងប្រជាប្រិយភាពរបស់សហព័ន្ធ តាមរយៈការប្រកួតជាដើម និង
ទី៣-ពិនិត្យលើការងារគ្រប់គ្រងដឹកនាំដោយផ្ដោតលើអភិបាលកិច្ចមានដូចជា កិច្ចដំណើរការ គណនេយ្យភាព តម្លាភាព និងការទទួលខុសត្រូវ។
ប្រសិនបើសហព័ន្ធកីឡាជាតិណាត្រូវបានគណៈកម្មការនិយាមវាយតម្លៃឃើញថា អនុវត្តមិនបានល្អ ឬនៅមានកម្រិតនោះ អាចប្រឈមនឹងការព្យួរ និងផ្ដល់ថវិកាទៅតាមការអនុវត្ត។
ឯកឧត្តមបានបន្តទៀតថា នេះគឺជាការបង្ហាញនូវភាពយុត្តិធម៌របស់សង្គម ដែលត្រូវបានយក
ចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំណត់លក្ខខណ្ឌធំៗទាំង៣ខាងលើនេះ។ បើសហព័ន្ធកីឡាជាតិណាមួយអនុវត្តបាន ក្រសួងអប់រំ យុវជននិងកីឡា នឹងអនុម័តកញ្ចប់ថវិកាផ្ដល់ជូនលើការងារអភិវឌ្ឍក្នុងចំនួនមួយល្អសមរម្យជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែង។
សូមបញ្ជាក់ថា គណៈកម្មការអនុវត្តនិយាមវាយតម្លៃដែលមានឯកឧត្តមវ៉ាត់ ចំរើន ជាប្រធាន
នឹងចាប់ផ្ដើមវាយតម្លៃសហព័ន្ធកីឡាជាតិនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ៕

ចែករំលែកព័តមាននេះ