រាជធានីភ្នំពេញ ៖ តាមរយៈអាជ្ញាធរមូលដ្ឋាន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការគាំពារគ្រប់ជ្រុងជ្រោយជូនដល់ពលរដ្ឋភៀសសឹក ទាំងជាង១៣ម៉ឺននាក់ ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព រាប់ចាប់ពីស្បៀងអាហាររហូតដល់ការអប់រំផ្លូវចិត្ត ជាពិសេសប្រមុខដឹកនាំកម្ពុជា បានបញ្ជាក់ពីជំហរច្បាស់ថា នឹងបន្តផ្តល់ការគាំទ្រដល់បងប្អូនភៀសសឹកទាំងអស់ រហូតដល់ស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីវិញ និងធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបោះបង់ចោលក្នុងគ្រាដ៏លំបាកនេះឡើយ ។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នេះ ។
លោក ប៉ែន បូណា បានឱ្យដឹងថា គិតត្រឹមរបាយការណ៍ចុងក្រោយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ មានពលរដ្ឋជាង ៥១ម៉ឺននាក់ហើយ បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ បន្ទាប់ពីស្ថានភាពនៅតំបន់មួយចំនួនមានភាពធូរស្រាល ។ ទោះជាយ៉ាងណាក៏ដោយ នៅមានពលរដ្ឋប្រមាណជាង ១៣ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា ដោយសារភូមិឋានរបស់ពួកគាត់នៅមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា បងប្អូនដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ទទួលបានការគាំពារគ្រប់បែបយ៉ាង ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្ត រួមមាន ៖ ការផ្គត់ផ្គង់មូលដ្ឋាន៖ ជម្រកស្នាក់នៅ (តង់) ទឹកស្អាត អគ្គិសនី និងសន្តិសុខសុវត្ថិភាព ២៤ ម៉ោង ។ ស្បៀងអាហារ ៖ ការផ្តល់ជូនគ្រឿងឧបភោគបរិភោគចាំបាច់ (អង្ករ មី ត្រីខ…) ដោយឥតគិតថ្លៃ ។ សេវាសុខាភិបាល និងអប់រំ ៖ មានក្រុមគ្រូពេទ្យប្រចាំការ និងការរៀបចំថ្នាក់រៀនបណ្តោះអាសន្នសម្រាប់កុមារ ។ ការគាំទ្រផ្លូវចិត្ត ៖ កម្មវិធីអប់រំផ្លូវចិត្តតាមបែបសាសនា និងការបង្កើត «សួនបន្លែក្នុងមណ្ឌលភៀសសឹក» តាមគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីជួយឱ្យបងប្អូនមានសកម្មភាពបង្កបង្កើនផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោក ប៉ែន បូណា ក៏បានរំលឹកពីបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការកាលពីថ្ងៃទី១០ ខែមករា ដើម្បីពង្រឹងជម្រកបណ្តោះអាសន្ន និងត្រៀមលក្ខណៈផ្លាស់ប្តូរទីតាំងថ្មីក្នុងករណីចាំបាច់ ។ បច្ចុប្បន្ន «ក្រុមការងារចំពោះកិច្ច» ដែលបង្កើតឡើងកាលពីចុងឆ្នាំ២០២៥ កំពុងចុះវាយតម្លៃការខូចខាតលើសាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែង ដែលរងគ្រោះដោយការបាញ់ផ្លោងពីសំណាក់ទាហានថៃ ដើម្បីរៀបចំផែនការស្តារឡើងវិញនូវសេវាសាធារណៈ និងដោះស្រាយបញ្ហាបំណុលជូនប្រជាពលរដ្ឋឱ្យបានឆាប់បំផុត ។
ទន្ទឹមនឹងកិច្ចការមនុស្សធម៌ កម្ពុជានៅតែបន្តប្រកាន់ជំហរម៉ឺងម៉ាត់បំផុតក្នុងការការពារបូរណភាពទឹកដី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) និងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ។
កម្ពុជានៅតែបន្តស្វែងរកដំណោះស្រាយសន្តិវិធីតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរ និងបន្តតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការរំលោ.ភបំពានណាមួយដែលកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់នេះ ៕



ចែករំលែកព័តមាននេះ