ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ត្រូវ​បាន​ស្ទាក់​ចាប់​កណ្ដាល​ក្រុង​សៀមរាប

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី សឿ​ន សេន ស្នងការ​រង​នគរបាល​ខេត្ត ទទួល ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង…

ខេត្តសៀមរាប ៖ លោក​ឧត្តមសេនីយ៍ត្រី សឿ​ន សេន ស្នងការ​រង​នគរបាល​ខេត្ត ទទួល ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា រថយន្ត​១​គ្រឿង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BJ-៩០៥៣ ដែល​ម្ចាស់​កែ​ច្នៃ​ដឹកឈើ​ខុសច្បាប់ បាន​ត្រូវ​កម្លាំង​សមត្ថ​ចម្រុះ​ស្ទាក់​ចាប់​ទាំង​មធ្យោបាយ​និង​វត្ថុ​តាង នៅ​កណ្តាល​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​ប្រមាណ​១ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃអាទិត្យ​ទី​១៨ ខែមក​រា ឆ្នាំ ២០២៦ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវក្រុង​សៀមរាប តាម​ផ្លូវ​បេតុង ខាងកើត​ស​ណ្ឋា
គារ​អង្គរ​អេ​រ៉ា ។

នៅ​ពេល​ចាប់​ឃាត់​នោះ ម្ចាស់​បាន​រត់គេចខ្លួន​បាត់ នៅ​សល់​តែ​រថយន្ត​និង​វត្ថុ​តាង​ប្រគល់​ឲ្យ​ទៅ​ខាង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដែល​ស្ថិត​នៅ​ខាងកើត​សណ្ឋាគារ អង្គរ​អេ​រ៉ា ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ ។ ប៉ុន្តែ​ចំពោះ​ឈើ​ដែល​ដឹក​ខុសច្បាប់​នោះ​ជា​ប្រភេទ​ឈើ​អ្វី ទាល់តែ​សួរ​ទៅ​ខាង​មន្ត្រី​ជំនាញ​ទើប​ដឹង​ច្បាស់ ។

បើ​តាម​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​១​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថា រថយន្ត​កែ​ច្នៃ​នេះ​ដឹកឈើ​ប្រណីត​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់ ស្រុក​ស្វាយ​លើ ចូល​មក​លាក់ខ្លួន​នៅ​ក្នុង​ដេប៉ូ​ឈើ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប យ៉ាង​ស្ងៀមស្ងាត់ ជា​យូរ​ឆ្នាំ​មក ហើយ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ឬ​ធ្វើ​មិនដឹង និង​ប្រហែល​មន្ត្រី​ខិលខូច​បើកភ្លើង​ខៀវ​ឲ្យ​ហើយ ទើប​រថយន្ត​ប្រភេទ​ធ្លាប់​ដឹក​ភ្ញៀវ​នេះ ឥឡូវ​បែរ មក​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៅ វិញ ។ ប៉ុន្តែ ជា​អកុសល​អស់លក្ខណ៍ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចាប់​ឃាត់​បាន​នា​វេលា​កណ្តាល​អ​ធ្រា​ត និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ ។

លោក ម៉ុង ប៊ុ​ន​លី​ម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈេ​ី​សៀមរាប បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥​ថា បើ​យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៥ របស់​លោក លី សូ​ផា នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈេ​ី​បន្ទាយស្រី និង​លោក វ៉េ​ង លី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈី​សៀមរាប គឺ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ចុះ​ចាប់​ឃាត់​រថយន្ត​កែ​ច្នៃ​ដឹកឈើ​ខាងលើ ។ ឈើ​ដែល​ចាប់​នោះ ជា​ឈើ​អារ​ប្រភេទ​លេខ​២ មាន​ចំនួន​១៥៥​សន្លឹក ស្មើនឹង ៩,០១៩​ម៉ែត្រគូប ដោយ​គ្មាន​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃ​ឈេ​ី ។

លោក​បញ្ជាក់​ថា វត្ថុ​តាង​ដែល​ចាប់​បាន​ត្រូវ​បាន​យក​មក​ថែរក្សា​ជា​បណ្តោះអាសន្ន នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈេ​ី​បន្ទាយស្រី ស្ថិត​ក្នុងភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ