ទីក្រុងម៉ាឌ្រីត៖ នគរបាលអេស្ប៉ាញនិយាយថាចំនួនអ្នកស្លាប់ដោយសារហេតុការណ៍រថភ្លើង២ខ្សែបុកគ្នាមួយទំហឹងកាលពីយប់មិញនោះបានកើនឡើងដល់៣៩នាក់ហើយ។ អាជ្ញាធរនៅតែបន្តរើកកាយគំនររថភ្លើងដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត ឬបើសិនជាស្លាប់ក៏ត្រូវតែរកឱ្យឃើញសាកសពផងដែរ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧:៤៥យប់នៅពេលទូរថភ្លើងដឹកមនុស្ស៣រយនាក់ចេញដំណើរពីទីក្រុងម៉ាឡាកា (Malaga) ឆ្ពោះទៅទីក្រុងម៉ាឌ្រីតចាប់ផ្ដើមគ្រវីគ្រវាត់។

រថភ្លើងនេះក៏រត់ទៅបុករថភ្លើងមួយខ្សែទៀតដែលធ្វើដំណើរពីទីក្រុងម៉ាឌ្រីតឆ្ពោះទៅទីក្រុងវេលវ៉ា (Huelva)។ ទូចំនួន២របស់រថភ្លើងខ្សែទីមួយក៏ខ្ទាតចេញពីផ្លូវដែក និងធ្លាក់ចុះពីជម្រាលដីកម្ពស់៤ម៉ែត្រ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអេស្ប៉ាញថ្លែងថាអ្នកដែលស្លាប់ច្រើនជាងគេគឺអ្នកអង្គុយនៅក្នុងទូទាំង២នោះឯង។ អាជ្ញាធរយល់ថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតព្រោះការប៉ះទង្គិចនេះមានសភាពខ្លាំងក្លាដល់ថ្នាក់ទូរថភ្លើងកំពិតចូលគ្នា។

តាមរយៈវីឌីអូ និងរូបថតសន្លឹកដែលថតបានពីកន្លែងកើតហេតុ គេឃើញទូរថភ្លើងដួលដេកទៅជ្រុងម្ខាងនៃផ្លូវ។ អ្នកដំណើរនៅក្នុងរថភ្លើងខិតខំប្រវេប្រវាចេញមកខាងក្រៅ អ្នកខ្លះត្រូវគេជួយទាញចេញ។ ពេលខ្លះ ពួកគេត្រូវវាយបំបែកកញ្ចក់បង្អួចរថភ្លើងដើម្បីចេញមកខាងក្រៅ។ សាក្សីនិយាយថានៅពេលកើតហេតុនោះប្រៀបបាននឹងគ្រោះរញ្ជួយដី។ បន្ទាប់មក ទូរថភ្លើងក៏ចាប់ផ្ដើមផ្អៀងទៅម្ខាងៗ។

នគរបាលអេស្ប៉ាញឱ្យដឹងថាមនុស្ស១៥៩នាក់រងរបួស។ ក្នុងនោះ២៤នាក់របួសធ្ងន់ និង៥នាក់របួសធ្ងន់ធ្ងរបំផុត។ មជ្ឈមណ្ឌលកីឡាមួយកន្លែងត្រូវគេកែច្នៃធ្វើជាមន្ទីរពេទ្យចល័តដើម្បីព្យាបាលអ្នករបួស។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថ្លែងថារហូតមកដល់ពេលនេះ គេមិនទាន់ដឹងមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ។ លោកចាត់ទុកថានេះជាហេតុការណ៍ដ៏ចម្លែកព្រោះវាកើតឡើងនៅលើគន្លងផ្លូវដែកត្រង់ (មិនមែនផ្លូវបត់) ដែលទើបតែជួសជុលស្អាតដូចថ្មីកាលពីខែឧសភា៕ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ