ខេត្តកំពង់ចាម ៖ ត្រីរាជមួយក្បាលទៀត ជាប់ម៉ាញ់របស់ប្រជានេសាទតាមដងទន្លេមេគង្គ ត្រូវបានលែងចូលទៅក្នុងទឹកទន្លេវិញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅចំណុចឃុំរកាគយ ស្រុកកងមាស ដោយមានការចូលរួមពីកម្លាំងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញជលផល ។
មន្ត្រីជលផលបានថ្លែងថា ត្រីរាជដែលមានទម្ងន់ក្រោម១០០គីឡូក្រាម បើនេសាទបាន គឺមិនអនុញ្ញាតឱ្យលក់នៅលើទីផ្សារនោះទេ ព្រោះជាប្រភេទត្រីកម្រជិតផុតពូជ ។
លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានប្រាប់ឲ្យដឹងថា ស្របពេលរដូវបើកនេសាទ គឺមានបងប្អូនខ្មែរអ៊ិស្លាម បានប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ មានម៉ាញ់ប្រើទូកម៉ាស៊ីនអូសចាប់យកត្រីតូចធំ ដើម្បីលក់ដូរឱ្យបងប្អូនអាជីវករនៅតាមទីផ្សារនានាក្នុងខេត្តកំពង់ចាម ។ ជាក់
ស្ដែងនៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែលនេសាទបានត្រីរាជទម្ងន់ប្រហែល៧០គីឡូក្រាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ចំពោះទីតាំងដែលនេសាទបាននេះ គឺមានលក្ខណៈអំណោយផល ព្រោះជាកន្លែងមួយដែលមានអន្លង់ជ្រៅទឹកត្រជាក់ ហើយត្រីចូលចិត្តរស់នៅ ។
លោកនាយខណ្ឌជលផលបន្តឲ្យដឹងទៀតថា បន្ទាប់មកខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនងផ្តល់ព័ត៌មានជូនវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ។
ក្រុមការងារបច្ចេកទេសវិទ្យាស្ថានបានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផលបានកំណត់ទិន្នន័យត្រីរាជដែលទើបនេសាទបានដូចខាងក្រោម ៖
-ត្រីរាជនេះញី ប្រវែង១៨៧សង់ទីម៉ែត្រ ទម្ងន់សរុប៧៨គីឡូក្រាម
-ពាក់ស្លាករដ្ឋបាលជលផល លេខកូដ៣១៦
-នេសាទបាននៅតាមដងទន្លេមេគង្គ ភូមិថ្មី
ក ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារមានអាជ្ញាធរស្រុកកងមាស មន្ត្រីនៃរដ្ឋបាលជលផលខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ព្រមទាំងប្រជានេសាទបានលែងត្រីរាជនេះចូលក្នុងទន្លេមេគង្គវិញ ។
ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផល នៅពេលនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បីលែងចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទកម្រទាំងនេះឱ្យបានគង់វង្ស ។
បើគិតត្រឹមដើមឆ្នាំ២០២៦នេះ ការនេសាទត្រីបានត្រីរាជចំនួន៣ក្បាលហើយ ។ ចំពោះអ្នកដែលនេសាទបាន ត្រូវបានក្រុមអភិរក្សលើកទឹកចិត្តជូនថវិកាមួយចំនួន ដោយឡែកជំនាញជលផលខេត្ត ក៏បានផ្ដល់ការសរសើរដល់អ្នកនេសាទនោះផងដែរ ៕







ចែករំលែកព័តមាននេះ