រាជធានីភ្នំពេញ ៖ លោក នេត្រា ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សង្គ្រាមឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ដោយកម្លាំងយោធាថៃកន្លងមកនេះបានធ្វើឱ្យកម្ពុជាប្រឈមមុខព្រួញ ឬសមរភូមិចំនួនបី ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មានក្រោមមូលបទ៖« ការពង្រឹងប្រសិទ្ធភាព និងាមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា បានបញ្ជាក់ថា នៅឆ្នាំ២០២៥ គឺជាសង្គ្រាមឈ្លានពានរវាងប្រទេសមួយមកលើប្រទេសមួយ ហើយជាសង្គ្រាមមិនមែនជាសង្គ្រាមផ្ទៃក្នុងនោះទេ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា សង្គ្រាមនេះ បានធ្វើឱ្យកម្ពុជាយើងប្រឈមមុខព្រួញ ឬសមរភូមិចំនួន៣ គឺទី១. សមរភូមិភាគីថៃទាំងយោធាការទូត សតិអារម្មណ៍ និងទាំងច្បាប់ ។ ទី២. សមរភូមិគាំទ្រដោយភាគីថៃ គឺក្រុមប្រឆាំង និងក្រុមដែលមិនមាននិន្នាការ ឬការគាំទ្ររដ្ឋាភិបាល និងទី៣. សមរភូមិចេញពីផ្ទៃក្នុងកម្ពុជា ដែលពេលខ្លះបងប្អូនមិនបានយល់ច្បាស់ ខណៈពួកគាត់ទទួលបានព័ត៌មានមិនគ្រប់គ្រាន់ ឬទទួលបានព័ត៌មានមិនត្រឹមត្រូវធ្វើឱ្យគាត់គិតមិនស៊ីនឹងអ្វីដែលជាការពិត ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា តួនាទីរបស់ក្រសួងព័ត៌មាន បានដើរតួនាទីសំខាន់ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រព័ន្ធផ្សាយឯកជនទាំងអស់ ទាំងជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនៅក្នុងការផ្តល់ព័ត៌មានទៅឱ្យប្រជាពលរដ្ឋ ។
លោករដ្ឋមន្ដ្រីបានបន្ថែមថា ក្នុងរយៈពេលមុនសង្គ្រាមផ្ទុះឡើងយើងបានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយដែលនិយាយថា «ទេចំពោះព័ត៌មានក្លែងក្លាយ» ហើយរយៈពេល២ ឆ្នាំមកនេះ និងក្នុងអាណត្តិទី ៧នេះ ក្រសួងបានធ្វើកំណែទម្រង់ពង្រឹងសមត្ថភាព ប្រសិទ្ធភាព ការចុះផែនការសកម្មភាព និងកែប្រែនូវរបៀបរបបនូវការធ្វើកិច្ចការងារ និងគិតគូនូវផែនការមួយចំនួនបានធ្វើឱ្យមានការរឹងដៃបន្តិចពាក់ព័ន្ធវិស័យព័ត៌មាន ។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ក្រសួងព័ត៌មានបានធ្វើការតម្រង់ទិសជាច្រើន ពិសេសនោះតម្រង់ទិសប្រជាពលរដ្ឋយើង សុំកុំជឿលើប្រភពព័ត៌មានដែលមិនមែនផ្លូវការ និងសុំកុំទទួលព័ត៌មាន ឬតាមដានព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយសូមយកប្រភពតែផ្លូវការតាមរយៈក្រសួងការបរទេស ក្រសួងការពារជាតិ តាមរយៈរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា ឬក្រសួងព័ត៌មាន ។
លោកក៏បានសង្កត់ធ្ងន់ថា៖ «អីញ្ចឹងការគ្រប់គ្រងព័ត៌មានសតិអារម្មណ៍ គ្រប់គ្រង នៃភាពរញ៉េរញ៉ៃ និងភាពស្លន់ស្លោនៅពេលមានហេតុការណ៍ណាមួយ យើងបានគ្រប់គ្រងបានល្អ ប្រជាពលរដ្ឋមានកាចេះដឹងច្រើនលើកិច្ចការងារនេះដែលធ្វើឱ្យស្ថានភាពនៅក្នុងស្រុករបស់យើងមានភាពនឹងន និងជឿជាក់លើរាជរដ្ឋាភិបាល និងធ្វើឱ្យប្រជាជាតិទាំងមូលមានកម្លាំងរឹងមាំ ។ ការដោះស្រាយរាជរដ្ឋាភិបាលបានឈរលើមូលដ្ឋាននូវភាពត្រឹមត្រូវ លើមូលដ្ឋានមិនមែនធ្វើ តែតាមការនឹកឃើញនោះទេ »៕
ចែករំលែកព័តមាននេះ