រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគរ ឱ្យទៅលក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈើ(ផ្សារដើមគរថ្មី) ឬទីតាំងឯកជនសមស្របណាមួយ ។ នេះបើយោងតាមផេក រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសនារសៀលថ្ងៃទី១៩ ខែមករានេះ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ និងសម្របសម្រួល ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករដែលខ្វះខាតខ្លាំង ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។
ការស្នើសុំបន្តលក់ដូរនៅទីតាំងដដែលនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវនេះ គឺរដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតជូនបានទេ ។
ដូចនេះជម្រើសដ៏ល្អ សូមអញ្ជើញបងប្អូនអាជីវករទៅលក់នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រើន ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈើ (ផ្សារដើមគរថ្មី) ឬទីតាំងផ្សារផ្សេងៗ ដែលមានតូបត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង ឱ្យកាន់តែល្អប្រសើរសម្រាប់ប្រយោជន៍សាធារណជនជារួម ៕




ចែករំលែកព័តមាននេះ