រាជធានីភ្នំពេញ ៖ ថ្លែងក្នុងសន្និបាតរបស់ក្រសួងព័ត៌មានរដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា សមរភូមិសំខាន់ៗចំនួន៤ដែលកម្ពុជាបានធ្វើការទប់ទល់ជាមួយការឈ្លានពាននៅព្រំដែនដោយកងកំលាំងរបស់យោធាថៃ ។

ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មានមូលបទ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័ន ក្រោមរចនាសម្ព័ន្ធមុខងារ និងភារកិច្ចថ្មី» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ទោះបីជាសមរភូមិ នៅលើដីមានភាពស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធ ក៏ប៉ុន្តែសមរភូមិនៅលើអាកាសលើប្រព័ន្ធផ្សព្វផ្សាយនៅតែមានភាពតឹងតែង ។ សមរភូមិនេះ គឺជាសមរភូមិមួយដែលមានការប្រឈមខ្ពស់ ។
ឯកឧត្តមបានបញ្ជាក់ថា «ខ្ញុំសូមជម្រាបថា ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានេះ មានសមរភូមិ៤បាន ឈរនៅទន្ទឹមគ្នាគឺទី១-សមរភូមិយោធា ទី២-សមរភូមិការទូត ទី៣-សមរភូមិច្បាប់ និងទី៤-សមរភូមិព័ត៌មាន និងសាធារណៈមតិ»។
ឯកឧត្តមរដ្ឋមន្ត្រីបានរៀបរាប់ថា នៅសមរភូមិទី១ គឺបានសម្រេចនៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅGBC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយកំណត់ភាគីកម្ពុជា-ថៃបានឈប់បាញ់នៅម៉ោង១២ថ្ងៃត្រង់ ចាប់ថ្ងៃទី២៧ ហ្នឹងរហូតមក ។ ចំណុចមួយ គឺអ្នកណាឈរជើងនៅកន្លែងណានៅកន្លែងនោះ ក៏ប៉ុន្តែចំណុចទី៣បានបញ្ជាក់ថា កិច្ចព្រមព្រៀងនៅក្នុងសេចក្តីប្រកាសគឺវាមិនប៉ះពាល់ដល់ការវាស់វែព្រំដែននោះទេ ។
ដូច្នេះ បានជាគណៈកម្មចម្រុះព្រំដែនកម្ពុជា-ថៃ ជាពិសេស ភាគីកម្ពុជាបានដាក់លិខិតម្តងហើយម្តងទៀត ដើម្បីជំរុញឲ្យមានការវាស់វែងខ្សែបន្ទាត់ព្រំដែន ជាពិសេស គឺនៅចន្លោះបង្គោល៤២ និង៤៧នៅព្រៃចាន់ និងភូមិជោគជ័យ និងបង្គោលលេខ៥២ និង៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបងទល់នឹងខេត្តច័ន្ទបុរី និងព្រៃចាន់ និងជោគជ័យនៅក្នុងស្រុកអូជ្រៅទល់មុខមួយជានឹងស្រះកែវរបស់ថៃ ដើម្បីឲ្យច្បាស់ថា ទីតាំងទាំងអស់នោះមួយណាដីខ្មែរ ហើយដីណាជាដីថៃដើម្បីអនុញ្ញាតឲ្យចំណុច៤នៃសេចក្តីថ្លែងការណ៍ គឺអនុញ្ញាតឲ្យប្រជាពលរដ្ឋជាជនភៀសសឹកវិលត្រឡប់ទៅភូមិឋានខ្លួនវិញដោយសេចក្តីថ្លៃថ្នូរ និងគ្មានការបង្អាក់ ។
យ៉ាងណាក្តី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ទោះបីមានការយល់ព្រមលើសេចក្តីថ្លែងការណ៍រួមយ៉ាងណាក្តីរហូតមកដល់ម៉ោងនេះ យោធាថៃបានបន្តធ្វើសកម្មភាពលើការកម្ទេចផ្ទះប្រជាពលរដ្ឋដាក់ទូកុងតឺន័រ រាយបន្លាលួស ដោតទង់ជាតិ និងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលធ្វើឲ្យកែប្រែបរិក្ខានៅជំវិញ និងស្ថានភាព ដែរហៅថា ធ្វើឲ្យមានសណ្ឋានភាពជាក់ស្តែងទៅលើទីលាន ។
ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបន្ថែមថា ការឈ្នះសមរភូមិសាធារណៈមតិ គឺជាការឈ្នះនូវផ្នែកមួយនៃសតិអារម្មណ៍ ដូច្នេះហើយ បានជាយើងត្រូវខិតខំ ប្រឹងប្រែងនូវកិច្ចការងារ
នេះ ។

ឯកឧត្តមក៏បានលើកឡើងថា ភាគីថៃក៏បានធ្វើកិច្ចការងារសំខាន់ចំនួន៤ខាងលើដែរ ដោយមិននិយាយពីសមរភូមិយោធាសមរភូមិច្បាប់សម្រាប់កម្ពុជា គឺមានប្រៀប ក៏ប៉ុន្តែយើងសួរថា តើថៃយល់ព្រមទៅតុលាការអន្តរជាតិឬអត់ ? ទៅICJ . ICC ឬទេ? គឺកន្លងមកគេបានបង្ហាញថា គេមិនទៅទេ ! ដែលជាចំណុចមួយ ដូច្នេះ យើងនៅសល់សមរភូមិចំនួន២ដែលត្រូវរុញ គឺសមរភូមិព័ត៌មានសាធារណៈមតិ និងសមរភូមិការទូត ។
ឯកឧត្តមបានបញ្ជាក់ថា «សមរភូមិទាំង២នេះ គឹជាសមរភូមិប្រទាញប្រទង់គ្នា យើងអាចនិយាយដូច្នេៈ បើទោះបីជាប្រជាប្រទេសយើងតូចធនធានយើងមានកម្រិត បើប្រៀបធៀបនឹងប្រទេសថៃ ហើយប្រទេសគេអត់មានសង្គ្រាម ហើយគេបានធ្វើការងារច្រើនក្នុងការងារការទូត និងព័ត៌មាន ក៏ប៉ុន្តែសម្រាប់យើង អ្នកទាំងអស់គ្នាអាចមើលឃើញថា មានភាពប្រទាញប្រទង់គ្នា ឬក៏ពេលខ្លះយើងមានព្រៀបជាងថៃនៅលើឆាកអន្តរជាតិលើផ្នែកការទូត និងព័ត៌មាន ។ នៅក្នុងនោះភាពជោគជ័យរបស់យើងអន្តរជាតិមើលឃើញថាតើអ្នកណាជាជនរងគ្រោះពិតប្រាកដ» ។
ឯកឧត្តមបានបន្ថែមថា៖ ពិភពលោកបានឃើញច្បាស់ថា «ថៃបានរំលោភបំពាន កម្ពុជា ហើយកម្ពុជាជាជនរងគ្រោះ» ។ ទម្រាំយើងយកបានពាក្យនេះ ហើយទម្រាំពិភពលោកគេទទួលស្គាល់ថា យើងរងគ្រោះនោះ ការងារយើងបានធ្វើអ្វីខ្លះទាំងក្នុងក្រប់ខណ្ឌការទូត ច្បាប់ និងយោធា ហើយនឹងព័ត៌មាន ។ អីញ្ចឹងចំណុចនេះហើយដែលបង្ហាញពីការខិតខំប្រែងប្រែងរួមរបស់យើងក្នុងការងារគ្រប់គ្រងការងារព័ត៌មាន និងសាធារណៈមតិ ៕
ចែករំលែកព័តមាននេះ