សហរដ្ឋអាមេរិក ៖ លោក អេឡុន ម៉ាសក៍ (Elon Musk) កាន់តែខិតជិតក្លាយជាបុគ្គលដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានទ្រព្យសម្បត្តិចំនួន ៨០០ ពាន់លានដុល្លារអាមេរិក បន្ទាប់ពីការផ្តល់មូលនិធិចុងក្រោយសម្រាប់ក្រុមហ៊ុន xAI របស់លោក។
យោងតាមរបាយការណ៍ពីទស្សនារដ្តី Forbes បានបង្ហាញថា ក្រុមហ៊ុន xAI ដែលជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មបញ្ញាសិប្បនិម្មិត xAI និងបណ្តាញសង្គម X បានរៃអង្គាសប្រាក់បានចំនួន ២០ ពាន់លានដុល្លារដោយជោគជ័យពីវិនិយោគិនឯកជន នៅក្នុងខែនេះ ដែលធ្វើឱ្យក្រុមហ៊ុនថ្មីថ្មោងមួយនេះមានតម្លៃ ២៥០ ពាន់លានដុល្លារ។ តួលេខនេះ ខ្ពស់ជាងការវាយតម្លៃត្រឹមចំនួន ១១៣ ពាន់លានដុល្លារ នៅពេលដែលលោក អេឡុន ម៉ាសក៍ បានច្របាច់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នា កាលពីខែមីនា ឆ្នាំមុន។
Forbes ប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានបង្កើនតម្លៃភាគហ៊ុន ៤៩% របស់ អេឡុន ម៉ាសក៍ នៅក្នុងក្រុមហ៊ុន xAI ចំនួន ៦២ ពាន់លានដុល្លារ នាំឱ្យកើនឡើងដល់ ១២២ ពាន់លានដុល្លារ។ ហើយបើតាមប្រភពពីទស្សនាវដ្តីពាណិជ្ជកម្មដ៏ល្បីរបស់អាមេរិកមួយនេះ បានឱ្យដឹងថា បច្ចុប្បន្ន ទ្រព្យសរុបរបស់មហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៤ឆ្នាំរូបនេះ ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៧៨០ ពាន់លានដុល្លារ។
មហាសេដ្ឋីជាច្រើនរូបដែលបានវិនិយោគលើក្រុមហ៊ុន xAI ក៏បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃទ្រព្យសម្បត្តិផងដែរ រួមទាំងព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Alwaleed Bin Talal Alsaud, លោក Jack Dorsey សហស្ថាបនិកក្រុមហ៊ុន Twitter (បច្ចុប្បន្ន X) និងលោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle។
ទាក់ទងនឹងទ្រព្យសម្បត្តិរបស់លោក អេឡុន ម៉ាសក៍ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មហាសេដ្ឋីកើតនៅទីក្រុងប្រេតូរីយ៉ា (Pretoria) ប្រទេសអាហ្វ្រិកខាងត្បូងរូបនេះ បង្កើតកំណត់ត្រាថ្មីៗមិនធ្លាប់មានជាបន្តបន្ទាប់។ តួយ៉ាង នៅខែតុលា ឆ្នាំ២០២៥ លោកបានក្លាយជាបុគ្គលដំបូងគេមានទ្រព្យសម្បត្តិ ៥០០ ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតរបស់អាមេរិក Tesla កើនឡើងជិតទ្វេដង។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកបានបំបែកកំណត់ត្រាចាស់របស់ខ្លួន ដោយទ្រព្យសម្បត្តិកើនឡើងដល់ ៦០០ ពាន់លានដុល្លារ នៅពេលដែលក្រុមហ៊ុនអវកាស SpaceX ត្រូវបានវាយតម្លៃដោយវិនិយោគិនឯកជនថាមានតម្លៃ ៨០០ ពាន់លានដុល្លារ។ ៤ ថ្ងៃក្រោយមកទៀត លោកក៏បំបែកកំណត់ត្រាចាស់ទៀត ដោយទ្រព្យបានលើសពី ៧០០ ពាន់លានដុល្លារ បន្ទាប់ពីតុលាការកំពូលរដ្ឋដេឡាវែ (Delaware) សហរដ្ឋអាមេរិក បានលុបចោលសេចក្តីសម្រេចតុលាការជាន់ទាប ដែលលុបចោលកញ្ចប់ជម្រើសភាគហ៊ុន (Stock Options) របស់ក្រុមហ៊ុន Tesla ចំនួន ១៣៩ ពាន់លានដុល្លារ ដោយមានចំណែកផ្តល់ជូនដល់លោក អេឡុន ម៉ាសក៍៕ ប្រភព ៖ Znews



ចែករំលែកព័តមាននេះ