ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម AOT ចុះសង្កេតការណ៍ទីតាំងចំនួន៣ នៅខេត្តពោធិ៍សាត់ដែលរងការវា.យប្រហារពីយោធា ថៃកន្លងមក

54 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន នៅ​តំបន់​អូរ​ភ្លុក​ដំរី ស្ថិត​នៅ​ឃុំ​ថ្មដា…

រាជធានី​ភ្នំពេញ ៖ អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​ព្រំដែន នៅ​តំបន់​អូរ​ភ្លុក​ដំរី ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា ស្ថានការណ៍​បច្ចុប្បន្ន​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​នូវ​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ គិត​មក​ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ ចាប់តាំងពី​ពេល​ចូល​ជា​ធរ មាន​នៃ​បទ​ឈប់​បាញ់​រួច​មក កម្ពុជា​តែងតែ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់​, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥, សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ព្រមទាំង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ដ៏​ទៃ​ទៀត ។

លោក​ជំទាវ បាន​លើក​ឡើង​ថា ជាមួយ​គ្នា​នេះ កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ។

ផ្អែក​តាម​ស្មារតី​ខាងលើ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦​នេះ ក្រុមការងារ​សម្របសម្រួល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (CLG) បាន​សម្របសម្រួល​ជូន​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​នៅ​ទីតាំង​ចំនួន​បី ក្នុង​ខេត្តពោធិ៍សាត់ ដែល​សុទ្ធតែ​ជាទី​តាំង​ស៊ី​វិល ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល ដែល​ត្រូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ការ​វាយប្រហារ​របស់​យោធា​ថៃ ដូច​ខាងក្រោម ៖ នៅ​វេលា​ម៉ោង​៩:១២​នាទី​ព្រឹក ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន នៅ​តំបន់​អូរ​ភ្លុក​ដំរី ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ នៅ​វេលា​ម៉ោង ១០:២០​នាទី​ព្រឹក ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​នៅ​មណ្ឌល​សុខភាព​ហ៊ុន សែន ថ្មដា ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

នៅ​វេលា​ម៉ោង ១០:៤០​នាទី​ព្រឹក ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍ អំពី​ស្ថានភាព​តំបន់​ព្រំដែន​នៅ​ច្រក​ជ័យ​ជំនះ ស្ថិត​នៅ​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

រាជ​រដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ