ខេត្តកំពង់ស្ពឺ៖ នារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯយុវជនពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលម៉ូតូចំនួន៣គ្រឿងបុកបន្តកន្ទុយគ្នានៅលើផ្លូវជាតិលេខ៤៤។
ហេតុការណ៍ម៉ូតូ៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឱ្យនារីម្នាក់ស្លាប់ និងយុវជនពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាលនោះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩ទៅលេខ១០ ត្រង់ចំណុចភូមិផ្តៅពេន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1AB-3405 អ្នកបើកបរឈ្មោះ ដឿន រតនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិព្រៃសំរោង ឃុំទ័ពមានស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងកើតទៅទិសខាងលិច លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ពាក់ផ្លាកលេខ ពោធិ៍សាត់1J-1761 អ្នកបើកបរឈ្មោះ ឈុំ នីតា ភេទស្រី អាយុ២១ឆ្នាំ(ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត បន្ទាប់មកក៏មានម៉ូតូ០១គ្រឿងទៀតម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1AA-1722 បើកបរដោយឈ្មោះ សំ លាញ់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរពីទិសខាងលិចទៅទិសខាងកើត រួចបានបុកជាមួយម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ1AB-3405 ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដួលនៅលើផ្លូវ លេខ៤៤បណ្ដាលឱ្យស្លាប់មនុស្ស១នាក់ ស្រី(ឈុំ នីតា)នៅកន្លែងកើតហេតុ រងរបួសធ្ងន់ម្នាក់ ឈ្មោះ(ដឿន រតនា ភេទប្រុស) និងរងរបួសស្រាលម្នាក់ (ឈ្មោះសំ លាញ់ ភេទប្រុស )។
នគរបាលស្រុកសំរោងទងបាននិយាយបន្តថា ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ រងការខូចខាតម៉ូតូ ចំនួន៣គ្រឿង (កំរិតស្រាល)។យុវជនរងគ្រោះពីរនាក់ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។
ចំពោះសពនារីរងគ្រោះ នគរបាលជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ថាចំពោះវត្ថុតាងម៉ូតូទាំង៣គ្រឿងនគរបាលបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាំងក្រូច រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕



ចែករំលែកព័តមាននេះ