រាជធានីភ្នំពេញ ៖ រថយន្តម៉ាកLexus RX-330 បើកបរដោយបុរសម្នាក់បានជ្រុលទៅបុកទ្រូងផ្លូវ៦០ម៉ែត្រ ទាំងព្រឹក បណ្ដាលឲ្យបាក់អស់២កង់ ហើយរថយន្តនោះបានរងការខូចខាតខ្ទេចមុខយ៉ាងដំណំ ប៉ុន្តែសំណាងល្អមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬអ្នកបើកបររងរបួសនោះឡើយ ។
ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចខាងត្បូងផ្សារអុីអន៣ សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រថយន្តរថយន្តម៉ាកLexus RX-330មួយគ្រឿងនោះ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AL-3266 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
បើតាមបុរសអ្នករត់កង់បីម្នាក់និយាយថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងឈប់នៅអែបចិញ្ចើមផ្លូវដើម្បីត្រួតពិត្យមើលកង់ម៉ូតូកង់បីរបស់គាត់ ខ្លាចក្រែងវាធូរ ស្រាប់តែឃើញរថយន្ត១គ្រឿងខាងលើបើកបរធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រនោះ ក្នុងល្បឿនលឿនគួរសមដែរ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាអ្នកបើកបរងងុយដេក ឬក៏មានឧបស័គ្គអ្វីនៅខាងមុខនោះទេ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតខ្ទេចមុខយ៉ាងដំណំ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២ផ្ទាំង ។
បុរសនោះនិយាយបន្តទៀតថា ពេលនោះគាត់ស្មានថាអ្នកបើកបរមានគ្រោះថ្នាក់ធ្ងន់ធ្ងរហើយ ប៉ុន្តែបន្តិចក្រោយមក ក៏ឃើញបុរសអ្នកបើកបរនោះបើកទ្វារចុះចេញពីក្នុងរថយន្តដោយសុវត្ថិភាព មិនមានគ្រោះថ្នាក់អ្វីឡើយ ។ ក្រោយពេលកេីតហេតុនគរបាលប៉ុស្តិ៍ជើងឯក និងនគរបាលចរចរណ៍ខណ្ឌដង្កោ រួមជាមួយនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែង និងស្ទូចយករថយន្តយកទៅរក្សាទុកនៅរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕




ចែករំលែកព័តមាននេះ