ក្រសួងមហាផ្ទៃថា មានបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៥.៨២០ នាក់បន្ថែមទៀត បានចាកចេញពីជំរំស្នាក់នៅបណ្ដោះអាសន្ន ដើម្បីធ្វើដំណើរត្រឡប់ទៅកសាងជីវភាពសារជាថ្មីនៅឯលំនៅឋានដើមវិញ ។
ជាក់ស្តែង ក្រសួងមហាផ្ទៃបានប្រកាសនាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះថា ៖ មានពលរដ្ឋភៀសសឹក៥.៨២០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុប ជាង៦សែន៤ម៉ឺននាក់ មានជាង៥សែននាក់បានវិលត្រឡប់ទៅលំនៅឋានវិញ ។ ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៤៤.៣២៦នាក់។
ក្រសួងមហាផ្ទៃ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ កំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពលរដ្ឋដែលនៅសេសសល់ក្នុងជំរំ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ព្រមទាំងរៀបចំផែនការស្តារហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់ដែលពលរដ្ឋត្រូវវិលត្រឡប់ទៅវិញ ដើម្បីធានាថា ពួកគាត់អាចរស់នៅបានដោយសុខសាន្ត និងមានលំនឹងសេដ្ឋកិច្ចឡើងវិញ ៕
ចែករំលែកព័តមាននេះ