ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ស្អាត​តម្លៃ​៥០​ម៉ឺន​ដុល្លារ ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង​ក្នុង​ឃុំ​ស្តៅ

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ភាគី​ម្ចាស់​ជំនួយ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​គម្រោង​សាកល្បង ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​ការ​បង្កើន​សន្តិសុខ​ស្បៀង​» ស្ថិត​ក្នុង​ឃុំ​ស្តៅ…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ភាគី​ម្ចាស់​ជំនួយ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «​គម្រោង​សាកល្បង ស្តី​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត និង​ការ​បង្កើន​សន្តិសុខ​ស្បៀង​» ស្ថិត​ក្នុង​ឃុំ​ស្តៅ ស្រុក​សេ​សាន កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៦​។

គម្រោង​នេះ ត្រូវ​បាន​អនុវត្ត​ក្រោម​ជំនួយ​ឧបត្ថម្ភ​ក្នុង​ទឹកប្រាក់​សរុប​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពី​អង្គការ ROK-UNOSSC និង P-LINK នៃ​សាធារណរដ្ឋ​កូរ៉េ​។ ក្នុង​គោលបំណង​សំខាន់​គឺ​ផ្ដោត​លើ​ការ​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៥០០​គ្រួសារ ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ប្រកបដោយ​សុវត្ថិភាព និង​បង្កើន​សមត្ថភាព​ផលិតកម្ម​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ ដើម្បី​ធានា​សន្តិសុខ​ស្បៀង ដើម្បី​លើកកម្ពស់​កម្រិតជីវភាព និង​សុ​ខុមា​ល​ភាព​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ស្រយាល​។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង លោក សរ សុ​ពុ​ត្រា បាន​បញ្ជាក់​ថា គម្រោង​នេះ​គឺជា​ការ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ដែល​កំណត់​គោលដៅ​ឱ្យ​ប្រជាពលរដ្ឋ​មានទឹក​ស្អាត​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ។ លោក​បាន​បន្ថែម​ថា សមិទ្ធផល​នេះ​មិន​ត្រឹមតែ​ជួយ​ក្នុង​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ឱ្យ​មានមុខ​របរ​ថ្មី​ៗ​សម្រាប់​ពលរដ្ឋ​ក្នុង​ម​ដ្ឋា​ន​ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ តំណាង​ភាគី​កូរ៉េ លោក ឈាង ហុង បាន​លើក​ឡើង​ដែរ​ថា​នេះ​ជា​ជំហាន​ដំបូង​ក្នុង​ចំណោម ៣ ជំហាន (​ថាមពល​, ទឹក​ស្អាត និង​បច្ចេកទេស​កសិកម្ម​) ដើម្បី​អភិវឌ្ឍ​ជីវភាព​សហគមន៍​ឱ្យ​មាន​ចីរភាព​។ តំណាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​ស្តៅ បាន​សម្តែង​នូវ​ភាព​ត្រេកអរ​យ៉ាង​ខ្លាំង ចំពោះ​គម្រោង​នេះ ព្រោះ​វា​បាន​ជួយ​កាត់​បន្ថយ​ការ​លំបាក និង​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​បូមទឹក​យក​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

គួរ​បញ្ជាក់​ថា ឃុំ​ស្តៅ គឺជា​ឃុំ​ដំបូង​គេ​ក្នុង​ចំណោម​ឃុំ​ទាំង ៧ នៃ​ស្រុក​សេ​សាន ដែល​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ទឹក​ស្អាត​ខ្នាត​ធំ​នេះ ដែល​ជា​សក្ខីភាព​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​រឹង​មាំ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ