ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ឃាតករសារភាពប្រាប់មូលហេតុហើយ ករណី​ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​ស.ពបុរសម្នាក់ក្នុងដីឡូតិ៍

46 វិនាទី មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ​ ៖ គេ​នៅ​ចាំ​បាន​ថា​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ មាន​ក្មេង​ៗ១​ក្រុម​បាន​ទៅ​បង្ហោះ​ខ្លែង​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្ងារ​ដោយ​មាន​ឈាម​ហូរ​ពេញ​ផ្ទៃមុខ…

រាជធានី​​ភ្នំពេញ​ ៖ គេ​នៅ​ចាំ​បាន​ថា​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ មាន​ក្មេង​ៗ១​ក្រុម​បាន​ទៅ​បង្ហោះ​ខ្លែង​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្ងារ​ដោយ​មាន​ឈាម​ហូរ​ពេញ​ផ្ទៃមុខ ។ ពេល​នោះ​ក្មេង​ៗ​ខាងលើ​ក៏​បានរ​ត់ទៅ​ប្រាប់​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ម្នាក់​ឲ្យ​ទៅ​មើល​និង​រាយការណ៍​ប្រាប់​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​និង​ស្រាវជ្រាវ ហើយ​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ បញ្ជាក់​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​វាយ​សម្លាប់ ។ គួររំលឹកថា ស្គាល់​អត្តសញ្ញាណ​ហើយ​! ស​.​ព​បុរស​ដែល​ក្មេង​ៗ​បង្ហោះ​ខ្លែង​ប្រទះ​ឃើញ​ក្នុង​ដី​ឡូ​ត៌ ខណៈ​សមត្ថកិច្ច​កំពុង​វែកមុខ​ឃាតករ

ក្រោយមក​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​៤​ថ្ងៃ​ក៏​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់ ។ ក្រោយមក​គឺ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឃាតករ​បាន នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ​«​ស៊ី​ន កៃ​លី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ឃាតករ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ ជ័យ ពន្លឺ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ និង​មានស្រុក​កំណើត​នៅ​ភូមិ​ឈើទាល​ខ្ពស់ ឃុំ​កំពង់​លើ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជន​ដៃ​ល​ដល់​រូប​នោះ នគរបាល​ដកហូត​បាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1K 4339 ដែល​ជា​ជា​របស់​ជន​នោះ​ផង​ដែរ ។ ដោយឡែក​បុរស​រង​គ្រោះ​ដែល​ត្រូវ​បាន​វាយ​សម្លាប់​នោះ​ឈ្មោះ សុវណ្ណ រ៉ា អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឃ្លាំង​ឥដ្ឋការ៉ូ ស្នាក់​នៅផ្ទះ​លេខ​៧៣ ផ្លូវ​បេតុង ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ករណី​នេះ​ផ្ដើម​ចេញពី​រឿង​ជម្លោះ​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរ​ចរណ៍ ដោយ​ជន​រង​គ្រោះ​និង​ជន​ដៃដល់​ជិះ​ម៉ូតូ​បុក គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ជន​ដៃដល់​រង​ការ​ខូចខាត ។ ពេល​នោះ​ជន​ដៃដល់​បាន​ទារ​សំណង​៦​ម៉ឺន​រៀល​មិន​បាន ហើយ​ជន​រង​គ្រោះ​វាយ​១​ដៃ​ចំ​ទ្រូង ទើប​ជន​ដៃដល់​យក​ដុំ​ថ្ម​វាយ​តបត​វិញ​រហូត​ដល់​ស្លាប់​តែ​ម្ដង មិនតែប៉ុណ្ណោះ​ភាគី​ទាំង​២​សុទ្ធតែ​ស្រវឹង​រៀងខ្លួន​ទៀត​ផង ។

ជន​ជា​ឃាតករ​រូប​នោះ​បាន​ឆ្លើយ​សារភាព​ប្រាប់​នគរបាល​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ ខ្លួន​និង​បងប្អូន​ឈ្មោះ​រ័ក្ស ភេទ​ប្រុស​អាយុប្រមាណ​២៥​ឆ្នាំ និង​ឈ្មោះ​មិ​ញ ភេទ​ប្រុស អាយុប្រមាណ​២០​ឆ្នាំ បាន​ជុំ​គ្នា​ផឹកស្រា​បៀរ​អស់​០១​កេស រហូត​ដល់​ម៉ោង​ប្រមាណ​២០​យប់​ថ្ងៃ​ដដែល​ទើប​ឈប់​ផឹក ។ បន្ទាប់​មក​ខ្លួន​ក៏​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ផលិត​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1k – 4339 ទៅ​ហៅ​មិត្តភក្តិ​ប្រុស​០២​នាក់​ទៀត​ដែល​ម្នាក់​ឈ្មោះ​តូ និង​ម្នាក់​ទៀត​ឈ្មោះ​អា​ម៉ៅ នៅ​បន្ទប់​ជួល​ម្តុំ​ស្ទឹង​មាន​ជ័យ ដើម្បី​ទៅ​ហូប​សាច់​ឆ្កែ​ជាមួយ​គ្នា ។ លុះ​ពេល​ទៅ​ដល់​បន្ទប់​ជួល​បាន​ជួប​គ្នា ក៏​នាំ​គ្នា​ទៅ​ហូប​សាច់​ឆ្កែ នៅ​កន្លែង​លក់​សាច់​ឆ្កែ ស្ថិត​នៅ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ដោយ​ឈ្មោះ​តូ​និង​ឈ្មោះ​អា​ម៉ៅ ជិះ​ម៉ូតូ​ម៉ា​កនិច ពណ៌​ស មិន​ចាំ​ស្លាក​លេខ​ឌុ​ប​គ្នា ។

ក្រោយ​ហូប​សាច់​ឆ្កែ​អស់​០២​ចាន​និង​ផឹក​ស្រាស​អស់​០១​លី​ត្រ នៅ​វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ឈប់​ផឹក រួច​គិតលុយ​អស់​២០,០០០​រៀល ។ បន្ទាប់​មក​ឈ្មោះ​តូ​និង​ឈ្មោះ​អា​ម៉ៅ ក៏​បាន​ជិះ​ម៉ូតូ​ត្រលប់​ទៅ​បន្ទប់​ជួល​របស់​ពួក​គេ​វិញ ចំណែក​ខ្លួន​ក៏​ជិះ​ម៉ូតូ​ចេញ​ដែរ ដោយ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ទិស​ជើង​ទៅ​ត្បូង ។

ជន​ដៃដល​ខាងលើ​នេះ​បាន​សារភាព​ប្រាប់​នគរបាល​បន្ត​ទៀត​ថា ខណៈ​ទៅ​ពេល​មក​ដល់​ហួស​ម្តុំ​អគ្គិសនី បន្តិច​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ សុវណ្ណ រ៉ា ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០២២ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK 5220 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​បញ្ច្រាស់​គ្នា​មក​បុក​ម៉ូតូ​របស់​ខ្លួន​ពី​ខាង​ចំហៀង​ខាងឆ្វេង បណ្តាល​ឲ្យ​ខូចខាត​បែក​ក្បាំង ។ ពេល​នោះ​ខ្លួន​ក៏​បាន​ទារ​ឲ្យ​សង​ថ្លៃ​ខូចខាត​ចំនួន​៦០,០០០​រៀល ប៉ុន្តែ​ជន​រង​គ្រោះ​ឆ្លើយ​ថា «​គ្មាន​ប្រាក់​ទេ បើ​ទៅ​បន្ទប់​ជួល​ទើប​មាន​លុយ​សង​» បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ទៅ​រក​បន្ទប់​ជួល​ដើម្បី​យក​លុយ​ឲ្យ​ខ្លួន តែ​វ​ង្វែ​ង​រក​បន្ទប់​ជួល​មិនឃើញ សោះ ហើយ​ខ្លួន​ក៏​បាន​ដក​កូនសោ​ម៉ូតូ​ជន​រង​គ្រោះ​ទុក រួច​យក​ម៉ូតូ​របស់​ខ្លួន​ទៅ​ដាក់​ផ្ញើរ ។ ពេល​នោះ​ខ្លួន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​យក​ម៉ូតូ​ទៅ​ដាក់​ផ្ញើ​រដែរ​តែ​ជន​រង​គ្រោះ​មិន​ព្រម​ទេ រួច​បណ្តើរ​ម៉ូតូ​ចូល​ទៅ​ផឹក​ទឹកត្នោតជូរ ព្រមទាំង​បបួល​ខ្លួន​ឲ្យ​ចូល​ផឹក​ជាមួយ​ដែរ តែ​ខ្លួន​ឆ្លើយ​ថា​គ្មាន​លុយ​ទេ រហូត​ដល់​ម៉ោង​ប្រហែល​២៣​និង​០០​នាទី ទើប​ឡើង​ជិះ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​ដោយ​ប្រាប់​ម្ចាស់​ហាង​លក់​ទឹកត្នោតជូរ​ថា ទៅ​យក​លុយ​មក​សង​ថ្លៃ​ទឹកត្នោតជូរ​ចំនួន​៨០,០០០​រៀល ។

ឃាតករ​បាន​ប្រាប់​នគរបាល​បន្ថែម​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ត្រលប់​មក​វិញ ហើយ​អ្នក​រត់​ម៉ូតូ​កង់​បី​បាន​ប្រាប់​ថា​រក​បន្ទប់​ជួល​គាត់​មិនឃើញ​ទេ ហើយ​ជន​រង​គ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​កង់​បី រួច​ដើរ​ចេញពី​មុខ​ហាង​ទឹកត្នោតជូរ​បាន​ចម្ងាយ​ប្រហែល​១,០០០​ម៉ែត្រ ខ្លួន​ក៏​សួរ​ជន​រង​គ្រោះ​ថា​«​ទៅ​ណា​បើ​រក​បន្ទប់​ជួល​មិនឃើញ ? » ។ ពេល​នោះ​ខ្លួន​ក៏​បបួល​ជន​រង​គ្រោះ​ទៅ​ដេក​នៅ​លើ​ស្មៅ​ក្នុង​ដី​ឡូ​តិ៍ក​ន្លែ​ង​កើតហេតុ រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃអាទិត្យ​ទី​១១ ខែមករា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​បាន​ក្រោក​ពី​ដេក ខ្លួន​ក៏​សួរ​ថា​ទៅ​ណា ? ជន​រង​គ្រោះ​ឆ្លើយ​ថា​ទៅ​នោម ។ លុះ​ពេល​នោម​រួច​ជន​រង​គ្រោះ​ក៏​ដើរមក​ជិត​ខ្លួន ហើយ​បាន​វាយ​ខ្លួន​១​ដៃ​ចំ​ដើមទ្រូង ទើប​ខ្លួន​ក៏​វាយ​តបត​និង​អុក​មួយ​ជង្គង់ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ផ្ងារ​ក្រោយ រួចខ្លួន​វាយ​លើ​ផ្ទៃមុខ​៤​ដៃ​ថែម​ទៀត ព្រមទាំង​យក​ដុំ​ថ្ម​ប៉ុន​កំភួនដៃ​វាយ​ក្បាល​៣​ដុំ​ថ្ម បណ្តាល​ឲ្យ​ហូរ​ឈាម​យ៉ាងច្រើន​ស្រែក​ដង្ហក់​ដង្ហើមចង្រិត ។

បន្ទាប់​មក​ខ្លួន​បាន​ទាញ​ដៃ​ជន​រង​គ្រោះ​ទាំង​ពីរ​អូស​ដាក់​អែប​របង​ថ្ម​ដី​ឡូ​តិ៍ ខណៈនោះ​ដោយ​ឃើញ​ជន​រង​គ្រោះ​មក​ទាន់​ស្លាប់ ហើយ​ប្រទះ​ឃើញ​ថ្ម​មួយ​ដុំ​ធំ​ទម្ងន់​ប្រមាណ​៨​គីឡូក្រាម​នៅ​ជិត​នោះ ខ្លួន​ក៏​លើក​ទៅ​អុក​ក្បាល​ជន​រង​គ្រោះ​១​ដុំ​ថ្ម​ធំ​នោះ​បន្ថែម​ទៀត​រហូត​ដល់​ស្លាប់ ។ បន្ទាប់​មក​ទៀត​ក៏​អូស​សាកសព​ជន​រង​គ្រោះ​ទៅ​ដាក់​ជាប់​របង​ថ្ម​ដី​ឡូ​តិ៍​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​និង​ស្មៅ រួច​គេចខ្លួន​ទៅ​បន្ទប់​ជួល​វិញ លុះដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦​សមត្ថកិច្ច​ក៏​បាន​ទៅ​ឃាត់​រូប​ខ្លួន​នៅ​ចំណុច​មុខ​រោងចក្រ​កាត់ដេរ យីហោ​ស៊ី​ន​កៃ​លី ផ្លូវ​បេតុង ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ