រាជធានីភ្នំពេញ ៖ ស្ថានភាពនៃលំហូរវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកទៅកាន់មាតុភូមិវិញ នៅតែបន្តមានសកម្មភាពយ៉ាងសកម្ម ។ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹក៥.១០១នាក់បន្ថែមទៀត បានបន្តវិលទៅលំនៅឋានវិញ ។ នេះបើយោងតាមក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្តថា ក្នុងចំណោមពលរដ្ឋភៀសសឹកជាង៦សែន៤ម៉ឺននាក់ មានប្រមាណជិត៥សែននាក់ បានវិលទៅលំនៅឋាន ។ ចំណែកពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន១៥០.១៤៦នាក់ ។
សូមបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធ និងក្រសួងមហាផ្ទៃ នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាព និងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នកដែលកំពុងស្នាក់នៅក្នុងជំរំ និងអ្នកដែលបានវិលត្រឡប់ទៅដល់មូលដ្ឋានវិញ ដើម្បីធានាថាពួកគេអាចចាប់ផ្តើមជីវភាពរស់នៅជាប្រក្រតីឡើងវិញបានយ៉ាងឆាប់រហ័ស៕
ចែករំលែកព័តមាននេះ