ខេត្តមណ្ឌលគិរី ៖ បញ្ហាប្រឈមនៃកង្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រូវបានដោះស្រាយមួយកម្រិតធំ បន្ទាប់ពីសហគមន៍ទទួលបានការតម្លើងប្រព័ន្ធចម្រោះទឹកបរិសុទ្ធខ្នាតធំ ដែលជួយសម្រាលការលំបាក និងកាត់បន្ថយការចំណាយបានយ៉ាងច្រើន ។

លោក ភី ងូក ចៅសង្កាត់រមនា បានលើកឡើងថា ភូមិស្រែអ៊ីគឺជាតំបន់ដាច់ស្រយាលជាងគេនៅក្នុងក្រុងសែនមនោរម្យ ដែលកន្លងមក មិនទាន់មានបណ្តាញទឹកស្អាតរដ្ឋចូលទៅដល់នៅឡើយ ។ បើទោះបីជាអាជ្ញាធរធ្លាប់បានខួងអណ្តូង និងជីកស្រះសម្រាប់ស្តុកទឹកទុកប្រើប្រាស់ក្នុងរដូវប្រាំងយ៉ាងណាក៏ដោយ ក៏ប្រភពទឹកទាំងនោះនៅតែមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ជាពិសេស គឺបញ្ហាទឹកសម្រាប់បរិភោគ ដែលតម្រូវឱ្យអ្នកភូមិត្រូវធ្វើដំណើរទៅដងទឹកពីតំបន់ឆ្ងាយៗមកប្រើប្រាស់ ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ អាជ្ញាធរសង្កាត់បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រៀបចំតម្លើងប្រព័ន្ធចម្រោះទឹកបរិសុទ្ធក្នុងសហគមន៍ ដែលមានសមត្ថភាពផលិតទឹកបានពី ១,០០០ ទៅ២,០០០លីត្រក្នុងមួយថ្ងៃ ។ ទឹកបរិសុទ្ធដែលផលិតបាន នឹងត្រូវបែងចែកជូនប្រជាពលរដ្ឋក្នុងភូមិយកទៅបរិភោគដោយឥតគិតថ្លៃ ដែលនេះជាចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយលើការទិញទឹកបរិសុទ្ធពីទីផ្សារ ។

ជាមួយសមិទ្ធផលថ្មីនេះ លោកចៅសង្កាត់រមនា បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយលោកបានមានប្រសាសន៍ថា ការមានម៉ាស៊ីនចម្រោះទឹកស្អាតក្នុងភូមិផ្ទាល់ គឺជាការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់បងប្អូនកូនចៅក្នុងភូមិស្រែអ៊ី ។ ពីមុនមក ពួកគាត់ត្រូវចំណាយទាំងពេលវេលា និងថវិកាដើម្បីស្វែងរកទឹកស្អាត ប៉ុន្តែពេលនេះអ្វីៗមាននៅជិតបង្កើយ ។

ទន្ទឹមនឹងនេះ លោកចៅសង្កាត់ក៏បានសង្កត់ធ្ងន់ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជួយថែរក្សាឧបករណ៍ និងបរិក្ខារនៃប្រព័ន្ធចម្រោះទឹកនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍រួម។សូមប្រុងប្រយ័ត្នលើការប្រើប្រាស់ធុង ឬសម្ភារៈសម្រាប់ដងទឹក ត្រូវតែមានអនាម័យខ្ពស់ ដើម្បីធានាថាទឹកដែលយកទៅប្រើប្រាស់នៅតែមានគុណភាពល្អជានិច្ច ។

សូមឱ្យមានការបែងចែក និងប្រើប្រាស់ដោយការយោគយល់គ្នា ដើម្បីឱ្យគ្រួសារនីមួយៗក្នុងភូមិទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា ។ តាមរយៈសមិទ្ធផលនេះ អាជ្ញាធរ និងប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា វានឹងក្លាយជាការផ្លាស់ប្តូរជីវភាពថ្មីមួយដែលនាំមកនូវសុខភាពល្អ និងភាពរីកចម្រើនដល់សហគមន៍ភូមិស្រែអ៊ីទាំងមូល៕
ចែករំលែកព័តមាននេះ