រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា(AMCHAM)កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នាហៅកាត់ថា MOU លើគម្រោងឆ្ពោះទៅអូឡាំពិកឆ្នាំ២០២៨នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ពិធីចុះហត្ថលេខានាឱកាសនោះភាគីខាងកម្ពុជាមានឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំកម្ពុជា។ ចំណែកភាគីខាងអាមេរិកមានលោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់លោកBenjamin Chiangភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
ឯកឧត្តមវ៉ាត់ ចំរើន បានមានប្រសាសន៍ថា នេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ចលនាអូឡាំ
ពិកកម្ពុជា ដែលបាននិងកំពុងធ្វើការជាមួយប្រជាជនកម្ពុជា និងអត្តពលិកកម្ពុជាប្រកប
ដោយក្ដីសង្ឃឹមព្រមទាំងបានការយកចិត្តទុកដាក់នឹងចលនាអូឡាំពិក និងដៃគូពាក់ព័ន្ធទាំងអស់។
ដូច្នេះថ្ងៃនេះបានការគាំទ្រយ៉ាងពេញទំហឹងពីលោកខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា មកពង្រីកឱ្យកម្មវិធីនេះប្រព្រឹត្តិទៅបានយ៉ាងរលូនប្រកបដោយទំនុកចិត្តសម្រាប់កីឡាករ កីឡាការិនីកម្ពុជា។ ឯកឧត្តមបន្តឱ្យដឹងទៀតថាការចុះហត្ថលេខាថ្ងៃនេះមិនត្រឹមជាយុទ្ធនាការស្វែងរកការជួយឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឡូសអេនជឺឡេស២០២៨ប៉ុណ្ណោះទេ សំខាន់ជាងនេះទៅទៀតគឺទទួលបានការគាំទ្រពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា គឺជាការគាំទ្រផ្នែកកីឡាដ៏សំខាន់សម្រាប់កម្ពុជា ធ្វើឱ្យប្រទេសទាំងពីរកាន់តែមានភាពស្និទ្ធស្នាលជាមួយគ្នាថែមទៀត។
លោកខេស៊ី បាណេត បានឱ្យដឹងថា ពិធីចុះហត្ថលេខថ្ងៃនេះគឺដើម្បីកៀរគរថវិកាពីបណ្ដាក្រុមហ៊ុនអាមេរិកជួយដល់អត្តពលិកកម្ពុជា ធ្វើការហ្វឹកហាត់ដុសខាត់សមត្ថភាពសម្រាប់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេមដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឡូសអាន់ជឺឡេស សហរដ្ឋអាមេរិក ឆ្នាំ២០២៨ ។ លោកបន្តថា ការប្រមូលថវិកាដើម្បីទ្រទ្រង់ដល់កីឡាករ កីឡាការិនីកម្ពុជានៅពេលនេះ បានផ្ដោតទៅលើគោលការណ៍សំខាន់ចំនួន២គឺទី១-ការគាំទ្រកីឡាករ កីឡាការិនីគឺការគាំទ្រដល់ភាពស្មោះត្រង់និងគោរពច្បាប់ទី២-ការពុះពារឧបសគ្គគ្រប់បែបយ៉ាងនេះជាគោលការណ៍សំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ច។ លោកបន្តឱ្យដឹងទៀតថា ថវិកាគាំទ្រអត្តពលិកសហរដ្ឋអាមេរិកមិនមែនបានមកពីរដ្ឋាភិបាលទាំងស្រុងនោះឡើយ។ ទាល់តែមានការចូលរួមពីវិស័យឯកជនខ្លះ ព្រោះបើពឹងផ្អែកលើថវិកាជាតិមួយមុខមិនគ្រប់គ្រាន់នោះទេ។ នៅប្រទេសកម្ពុជាយើងក៏អាចអនុវត្តដូចនៅសហរដ្ឋអាមេរិកដែរ ទាល់តែមានការរួមចំណែកពីបណ្ដាក្រុមហ៊ុនជួយដល់កីឡាករ កីឡាការិនីសម្រាប់កេរ្តិ៍ឈ្មោះនិងភាពជោគជ័យ ៕



ចែករំលែកព័តមាននេះ