ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​បាន​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​បណ្តា​​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គ្រា​ដ៏​លំបាក

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិបាល​បាន​បញ្ជាក់​ថា ​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិ​វឌ្ឍន៍​បាន​ជួយ​ជ្រោមជ្រែង​នៅ​ពេល​ជួប​ការ​លំបាក ពិសេស ​ក្រោយ​មាន​សង្គ្រាមឈ្លានពាន​ទឹកដី​ពី​សំណាក់​ប្រទេស​ថៃ​ ។ ឯកឧត្តម ប៉ែន…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​រាជរ​ដ្ឋា​ភិបាល​បាន​បញ្ជាក់​ថា ​បណ្តា​ប្រទេស​ជា​មិត្ត​ និង​ដៃគូ​អភិ​វឌ្ឍន៍​បាន​ជួយ​ជ្រោមជ្រែង​នៅ​ពេល​ជួប​ការ​លំបាក ពិសេស ​ក្រោយ​មាន​សង្គ្រាមឈ្លានពាន​ទឹកដី​ពី​សំណាក់​ប្រទេស​ថៃ​ ។

ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង ​នៅ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦​ ពី​ការ​ជួយ​ពី​សំណាក់​ប្រទេស​ជា​មិត្ត​ថា ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៦ បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ទឹកប្រាក់​ចំនួន​១១.៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការ​អនុវត្ត​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​សង្គ្រោះ​ជន​ពិការ​​ដោយសារ​គ្រាប់​មីន (​ដំណាក់កាល​ទី​៣) និង​ទឹកប្រាក់​៧.៦​លាន​ដុល្លារ​សហរដ្ឋ​អាម៉េ​រិក​ផ្សេង​ទៀត​ សម្រាប់​អនុវត្ត​គម្រោង​ជំនួយ​ម៉ាស៊ីន​ស្គែ​ន​កុងតឺន័រ​នៅ​ចំណត​កុងតឺន័រ​ថ្មី នៃ​កំពង់​ផែ​ក្រុងព្រះសីហនុ​។

កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០២៥ កន្លង​ទៅ ជប៉ុន​ក៏​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ជា​ទឹកប្រាក់​ប្រមាណ​ជា​១.៨​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក តាម​រយៈ​អង្គការ IOM និង UNICEF ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​បន្ទាន់​សម្រាប់​ជនភៀសសឹក​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែរ ​។

សហរដ្ឋ​អាម៉េរិក​ឯណោះ​វិញ ក្រៅពី​បន្ត​ជំរុញ​ការ​រក្សា​បទ​ឈប់​បាញ់ និង​ចង់​ឃើញ​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា​និង​ថៃ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​១៥​លាន​ដុល្លារ សម្រាប់​ការ​គាំទ្រ​ដល់​ជនភៀសសឹក​នៅ​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​ទឹកប្រាក់​១០​លាន​ដុល្លារ​ផ្សេង​ទៀត​សម្រាប់​ការ​ដោះ​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ ។

ចំណែក​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រៅពី​ផ្តល់​ការ​គាំទ្រ​ដល់​អាទិភាព​ជា​បន្ទាន់​លើ​ការ​ធានា​ឱ្យ​បាន​រឹង​មាំ​នូវ​បទ​ឈប់​បាញ់ និង​ធ្វើ​ឱ្យ​មាន​សន្តិភាព​ចីរកាល ចិន​ក៏​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដែល​មាន​តម្លៃ​២០​លាន​យ័ន សម្រាប់​ជនភៀសសឹក​ក្នុង​ប្រទេស​កម្ពុជា និង​បាន​ប្រកាស​ត្រៀមខ្លួន​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​សម្រាប់​តម្រូវការ​ចិញ្ចឹមជីវិត​របស់​ជនភៀសសឹក​នៅ​តាម​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់​ ។

ចំណែក​សាធារណរដ្ឋ​ស៊ែ​ប៊ី ក៏​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​៥០​ម៉ឺន​ដុល្លារ​អាម៉េរិក​សម្រាប់​ជួយ​ប្រជា​ជនភៀសសឹក​កម្ពុជា​ដែរ​ ។ ក្រៅពី​នោះ​ នៅ​មាន​ប្រទេស​ជា​មិត្ត​ជា​ច្រើន​ទៀត រួម​ទាំង​​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក៏​បាន​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សម្រាប់​សេចក្តី​ត្រូវការ​បន្ទាន់​នានា ព្រមទាំង​បាន​ចេញ​សារ​អបអរសាទរ​ចំពោះ​ការ​សម្រេច​បាន​បទ​ឈប់​បាញ់​ដោយ​ក្តី​រំពឹង​ថា ភាគី​ទាំង​ពីរ​(​កម្ពុជា​-​ថៃ​)​នឹង​សម្រេច​បាន​នូវ​ការ​ស្តារ​សន្តិភាព​ឡើង​វិញ​និង​រក្សា​សន្តិភាព​នោះ​ឱ្យ​បាន​យូរអង្វែង​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រជាជន​ទាំង​ពីរ​ក៏​ដូច​ជា​សម្រាប់​ស្ថិរភាព​ក្នុង​តំបន់​ទាំងមូល​។

ទាំង​អស់នេះ​ បាន​សបញ្ជាក់​ឱ្យ​ឃើញ​ថា សហគមន៍​អន្តរជាតិ​ឈរ​នៅ​ជាមួយ​កម្ពុជា​និង​ជួយ​ជ្រោមជ្រែង​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំង​នយោបាយ​ការទូត​ទាំង​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ជំនួយ​មនុស្សធម៌ និង​ជំនួយ​សម្រាប់​សេចក្តី​ត្រូវការ​បន្ទាន់​នានា​ក្នុង​គ្រា​ដែល​កម្ពុជា​ជួប​ការ​លំបាក ​។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ទៀត​ថា តាម​រយៈ​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ​កាលពី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋ​អាម៉េរិក ចិន ធនាគារអភិវឌ្ឍន៍អាស៊ី និង​បណ្តា​ប្រទេស​ជា​មិត្ត ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ទាំងឡាយ​ដែល​បាន​ជួយ​ជា​សម្ភារៈ​និង​ហិរញ្ញប្បទាន​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​របស់​ពលរដ្ឋ​ភៀស​សឹក​ ។ សម្តេច​បវរ​ធិ​បតី​បាន​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​នឹង​ប្រើប្រាស់​ថវិកាជាតិ និង​ជំនួយ​ពី​ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​ស្តារ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ទាំង​ជីវភាព​រស់នៅ​របស់​បងប្អូន​ជនភៀសសឹក​ក្រោយ​ពេល​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ក៏​ដូច​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​គ្រាប់បែក​របស់​ទាហាន​ថៃ​។

គួរ​កត់​សម្គាល់ថា ក្នុង​ដំណាក់​កាលដែល​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​រយៈពេល​ជិត​៣​ទសវត្សរ៍​ចុង​ក្រោយ រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​ប្រើប្រាស់​​កាលានុវត្តភាព​នៃ​សន្តិភាព​ដើម្បី​ជំរុញ​ល្បឿន​ការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីក​ចម្រើន​គ្រប់​វិស័យ និង​ពង្រឹង​ភាព​ម្ចាស់​ការ​ពឹង​លើ​កម្លាំង​ខ្លួនឯង​ឱ្យ​កាន់តែ​រឹង​មាំ​ឡើងជា​លំដាប់​។

លទ្ធភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ដោយ​ខ្លួនឯង រួម​ជាមួយនឹង​ជំនួយ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ ក៏​ដូច​ជា​ការ​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ពី​សំណាក់​សប្បុរសជន និង​មហាជន​ខ្មែរ​គ្រប់​ទិស​ទី បាន​ប្រមូលផ្តុំ​គ្នា​ជា​កម្លាំង​កាន់តែ​ខ្លាំង​ដែល​នឹង​ធ្វើ​ឱ្យ​ការ​ស្តារ​ជីវភាព​របស់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ក៏​ដូច​ជា​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​ខូចខាត​ទាំងឡាយ​ប្រព្រឹត្ត​ទៅ​បាន​ឆាប់រហ័ស​ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​ខ្នះខ្នែង​យ៉ាង​ខ្លាំងក្លា​របស់​ថ្នាក់ដឹកនាំ​ដែល​មាន​ក្រសួង ស្ថាប័ន​នានា​ជាស​នា​ធិ​ការ​។

សូម​បងប្អូន​ជនរួមជាតិ​ចង​ចាំ​ថា ខណៈ​ដែល​ដៃ​ម្ខាង​ប្រឹង​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​រង​ការ​បំផ្លិចបំផ្លាញ តែ​ដៃ​ម្ខាង​ទៀត រាជរដ្ឋាភិបាល​ខិតខំ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិបតេយ្យ​ស្របច្បាប់​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដោយ​មធ្យោបាយ​សន្តិវិធី តាម​រយៈ​យន្តការ​ការទូត និង​ច្បាប់​អន្តរជាតិ​។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​សូម​បញ្ជាក់​ជូន​ជា​ថ្មី​ម្តងទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្មការ​ព្រំដែន​ឥណ្ឌូចិន​-​សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញា​បារាំង​-​សៀម ផែនទី និង​កំណត់ហេតុ​បោះបង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-​សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក ​។ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​នោះ​ឡើយ​។ នេះ​គឺជា​ជំហរ​ឥត​ប្រែប្រួល និង​មិន​អាច​ធ្វើ​សម្បទាន​បាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ