ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ឈ្នះ​មេដាយ​ច្រើន​ជាងគេ​ពី​ការ​ប្រកួត​តេ​ក្វា​ន់​ដូ Hope International Open 2026

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​តេ​ក្វា​ន់​ដូWT​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេរហូត​ដល់​ទៅ​៦៩៨​គ្រឿងក្នុង​នោះ​មេដាយមាស២២៨ មេដាយ​ប្រាក់​១៩៥ និង​មេដាយ​សំរឹទ្ធ២៧៥​ពី​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ Hope International Taekwondo Open 2026…

រាជធានី​ភ្នំពេញ ៖ ក្រុមកីឡា​តេ​ក្វា​ន់​ដូWT​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេរហូត​ដល់​ទៅ​៦៩៨​គ្រឿងក្នុង​នោះ​មេដាយមាស២២៨ មេដាយ​ប្រាក់​១៩៥ និង​មេដាយ​សំរឹទ្ធ២៧៥​ពី​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ Hope International Taekwondo Open 2026 ដែល​ជា​ចំនួន​ច្រើន​ជាងគេ​បង្អស់​ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង​៦ ។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​តេ​ក្វា​ន់​ដូ​Hope International Open Taekwondo Championship 2026 យ៉ាង​ជោគជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ លោក Choi Yongsok គ្រូ​បង្គោល​តេ​ក្វា​ន់​ដូ WT ជម្រើសជាតិ​កម្ពុជា​មាន​ប្រសាសន៍​ថា ឆ្នាំ​ក្រោយ​អាច​នឹង​មានការ​ចូលរួម​ពី​ក្លិប​ផ្សេង​ៗ​លើ​ពិភព
លោក​ច្រើន​ជាង​នេះ​។ នៅ​ឆ្នាំ​នេះ​យើង​មាន​តែ​៦​ប្រទេស តែ​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​ច្រើន​ប្រទេស ហើយ​មិនមែន​តែ​កម្រិត​អាស៊ី​ទេ តែ​អាច​មាន​មក​ពី​អឺរ៉ុប អាហ្វ្រិក ចូលរួម​ដែរ​។

លោក​បន្ត​ថា ឆ្នាំ​២០២៦​នេះ ការ​រៀបចំ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ខេ​មរ​សហព័ន្ធ​តេ​ក្វា​ន់​ដូ Taekwondo Academy និង Kukkiwon Cambodia តែ​ឆ្នាំ​ខាង​មុខ លោក​នឹង​ស្នើ​សុំ​ការ​សហការ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​ពង្រីក​សក្ដានុពល​កាន់តែ​ធំធេង​ជាង​មុន​។

គួរ​រំលឹក​ថា ព្រឹត្តិការណ៍​កីឡា​តេ​ក្វា​ន់​ដូ​អន្ដរជាតិ Hope International Open Taekwondo Championships 2026 បាន​ប្រព្រឹត្ត​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២៦ នៅ​សាល​ប៊ូ​យ៉ុ​ង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ព្រឹត្តិការណ៍​នេះ មាន​កីឡាករ កីឡាការិនី​ចូលរួម​សរុប​៥៦០​នាក់​មក​ពី​៤២​ក្លិប ។ ក្នុង​នោះ​មាន​មី​យ៉ា​ន់​ម៉ា ៤​ក្លិប​, សិង្ហ​បុរី ១​ក្លិប​, វៀតណាម ១​ក្លិប​, ម៉ា​ឡេ​ស៊ី ១​ក្លិប​, កូរ៉េ​ខាងត្បូង​១​ក្លិប និង​កម្ពុជា ៣៤​ក្លិប ប្រកួត​លើ​វិញ្ញាសា​សរុប​ចំនួន ២០៦ វិញ្ញាសា ។

ព្រឹត្តិការណ៍​អន្តរជាតិ​នេះ​ផ្ដោត​លើ​យុវជន​ថ្នាល ចាប់ពី​អាយុ​៥​ឆ្នាំ​ឡើង​ទៅ​រហូត​ដល់​អាយុ​លើស​ពី​១៨​ឆ្នាំ ដែល​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា ក្នុង​ការ​សម្រួច​ធនធាន​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​យុវជន​អាស៊ី​នៅ​ក្នុង​ឆ្នាំ​២០៣១ និង​ព្រឹត្តិការណ៍​ពិសេស​ៗ​ជា​ច្រើនទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ