សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ជំនឿដែលថាត្រូវរង់ចាំឱ្យអាហារត្រជាក់សិនទើបអាចដាក់ចូលទូទឹកកកបាននោះ គឺជាការយល់ច្រឡំដ៏គ្រោះថ្នាក់មួយដែលផ្តល់ឱកាសឱ្យបាក់តេរីលូតលាស់យ៉ាងលឿន។
តាមពិតទៅ ការដាក់អាហារចូលក្នុងទូទឹកកកភ្លាមៗ ទោះបីជានៅក្ដៅក៏ដោយ គឺជាវិធីសាស្ត្រដែលមានសុវត្ថិភាពបំផុត ព្រោះបាក់តេរីកាចៗដូចជា E. coli ឬ Salmonella រីកសាយភាយខ្លាំងបំផុតក្នុងចន្លោះសីតុណ្ហភាពពី 4°C ដល់ 60°C។ ការទុកអាហារឱ្យត្រជាក់តាមធម្មជាតិនៅខាងក្រៅ នឹងធ្វើឱ្យអាហារស្ថិតក្នុងតំបន់សីតុណ្ហភាពគ្រោះថ្នាក់នេះកាន់តែយូរ ដែលបង្កើនហានិភ័យនៃការពុលអាហារយ៉ាងខ្លាំង។
ដើម្បីរក្សាសុវត្ថិភាពឱ្យកាន់តែប្រសើរ អ្នកគួរដួសអាហារបែងចែកជាប្រអប់តូចៗដែលមានជម្រៅរាក់ទាប ដើម្បីឱ្យភាពត្រជាក់អាចជ្រាបចូលដល់ផ្នែកខាងក្នុងបានលឿន ជាជាងការដាក់ទាំងឆ្នាំងធំៗចូលទៅទាំងមូល។ ក្នុងអំឡុងពេលមួយម៉ោងដំបូង អ្នកគួរទុកគម្របឱ្យចំហបន្តិចដើម្បីឱ្យចំហាយទឹកចេញក្រៅ បន្ទាប់មកសឹមគ្របឱ្យជិតដើម្បីការពារការឆ្លងមេរោគ និងក្លិន។
ទោះជាយ៉ាងណា ការដាក់ក្នុងទូទឹកកកគ្រាន់តែជួយពន្យារការលូតលាស់របស់មេរោគប៉ុណ្ណោះ ដូច្នេះអ្នកមិនគួររក្សាទុកបន្លែឆ្អិនលើសពី ២៤ ម៉ោង ឬសាច់ឆ្អិនលើសពី ២ ថ្ងៃឡើយ ដើម្បីធានាបាននូវសុខភាពល្អ៕
សេចក្ដីបញ្ជាក់៖ អត្ថបទនេះមានគោលបំណងផ្ដល់ចំណេះដឹងទូទៅតែប៉ុណ្ណោះ!
ចែករំលែកព័តមាននេះ