ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីម៉ូតូទៅផ្សារ ជិះគេចខ្លួនបានមួយថ្ងៃ ម្ចាស់ប្តឹងនគរបាលក្របួចបាន២នាក់

18 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជន​២​នាក់​ដែល​ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត បាន​ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​តាម​បណ្តឹង​ម្ចាស់​ម៉ូតូ ក្រោយ​ពី​ជន​ទាំង​២​នាក់​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ថា ជិះ​ទៅ​ផ្សារបាត់ដឹង​មួយ​ភ្លែត តែ​រហូត​រំលង​ថ្ងៃ​ហើយ​មិនឃើញ​យក​មក​សង​វិញ ហើយ​ម្ចាស់​ម៉ូតូ​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក ។ នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បានឱ្យ​ដឹង​ថា…

ខេត្តកំពង់ស្ពឺ ៖ ជន​២​នាក់​ដែល​ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត បាន​ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​តាម​បណ្តឹង​ម្ចាស់​ម៉ូតូ ក្រោយ​ពី​ជន​ទាំង​២​នាក់​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ថា ជិះ​ទៅ​ផ្សារបាត់ដឹង​មួយ​ភ្លែត តែ​រហូត​រំលង​ថ្ងៃ​ហើយ​មិនឃើញ​យក​មក​សង​វិញ ហើយ​ម្ចាស់​ម៉ូតូ​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្វែងរក ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ប្រុង​ស៊ីដាច់​ម៉ូតូ​ជន​រង​គ្រោះ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៧ខែមករា ឆ្នាំ​២០២៦​កន្លង​ទៅ នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម សង្កាត់​ក្សេមក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ខ្ចី​ជន​រង​គ្រោះ​ជិះ​ទៅ​ផ្សា​រហើយ​ប្រុង​ស៊ីដាច់​នោះ ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ព៌​ណ​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១K-២០៥២ ។ ម្ចាស់​ម៉ូតូ​ឈ្មោះ នី ណា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្ដុក​តោ​ល​ថ្មី ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​ឈាន​ទៅ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​នៅ​​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ចាន់​សែន បាន​ទទួល​ពាក្យបណ្តឹង​ពីបុរស​ឈ្មោះ នី ណា ដែល​បាន​ប្តឹង​ជន​ឈ្មោះ ស៊ី​ម សាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម សង្កាត់​ក្សេមក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ។ ក្នុង​ពាក្យបណ្ដឹង​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២៦ ឈ្មោះ ស៊ី​ម សាន បាន​ខ្ចី​ម៉ូតូ​របស់​គាត់​ជិះ​ទៅ​ផ្សារ​បាត់ដឹង​មួយ​ភ្លែត ហើយ​ក៏​មិនឃើញ​ជិះ​ម៉ូតូ​យក​មក​ឲ្យ​វិញ​គឺ​បាត់​ឈឹង ទើប​គាត់​ជា​ម្ចាស់​ម៉ូតូ​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​ម៉ូតូ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ស្រុក បាន​សហការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​ថ្ម សង្កាត់ក្សេម​ក្សាន្ត ក្រុង​ឧដុង្គ​ម៉ែ​ជ័យ គឺ​ឈ្មោះ ស៊ី​ម សាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ ឆុ​ន រ៉ុ​ម ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

ជន​ទាំង​២​នាក់​នេះ​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​៥​លើក​រួច​មក​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ នគរបាល​ក៏​បាន​ដកហូត​វត្ថុ​តាង​មាន ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១K-២០៥២ ជា​របស់ជន​រង​គ្រោះ និង​បាន​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ