រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យបានហើយ ដែលចូលលួចសម្ភារៈក្នុងផ្ទះរបស់រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅសង្កាត់វាលស្បូវ ។
ការស្រាវជ្រាវឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះ ចាក់សោរទ្វាររបងផ្ទះទុកចោល រួចទៅរស់នៅផ្ទះផ្សេងរយៈពេលយូរខែមកហើយ ។ លុះដល់ខែធ្នូ ឆ្នាំ២០២៥ ម៉ោង០៩និង០០នាទី មិនចាំថ្ងៃ ស្រាប់តែជនសង្ស័យជិះកង់មកឈប់មុខផ្ទះជនរងគ្រោះ ឃើញទ្វាររបងផ្ទះចំហរ ក៏ចូលទៅក្នុងលួចបានឡាបូលាងដៃ១, ចានបង្គន់១, ទ្វាជ័រ១, ទ្វារដែក១ យកចេញមកក្រៅ លក់ឲ្យអ្នកអូសរទេះអេតចាយ បានប្រាក់ ៧៥,០០០រៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។
រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅសាកសួរ ។
ដោយក្នុងនោះ ទ្រព្យសម្បត្តិបាត់បង់រួមមាន ៖ ឈើប្រណិតរូបគួនអ៊ីចំនួន ១ ,រូបត្រីនាគ ១ ,រូបឥន្ត្រី១ ,ទ្វារឈើ៤សន្លឹក ,ទ្វារដែក៣ផ្ទាំង ,ដែកបង្អួច៤ផ្ទាំង ,គ្រែដែក១០ ,កៅអីជរ័២០ ,ចានបង្គន់២ ,តុអ៊ីណុក២ និងខ្សែភ្លើងប្រហែល២០០ម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕





ចែករំលែកព័តមាននេះ