រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលបានរៀបចំធ្វើចាប់ពីថ្ងៃទី៣ ខែមករា បានបញ្ចប់ជាស្ថាពរហើយ ។ ពិធីបិទការប្រកួតបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅទីលានសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកំណើនចូលរួមទាំងក្លិប ទាំងខេត្ត និងយុវជន ខណៈសមាគមក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ ។ ជាក់ស្ដែងគ្រាន់តែខេត្តកំពង់ឆ្នាំងមួយមានដល់ទៅ៥ក្លិបចូលរួម ហើយខេត្តថ្មីៗមានដូចជា ត្បូងឃ្មុំ និងខេត្តតាកែវ សរុបក្លិបចូលរួមមានចំនួន១៤ ខណៈកីឡាករ កីឡាការិនីជាយុវជនក៏មានកាន់តែច្រើនដូចគ្នា ។ ទាំងនេះបង្ហាញពីការរីកចម្រើននៃកីឡាចំបាប់នៅកម្ពុជា។
លោក Casey Barnett សង្កត់ធ្ងន់ថា ភាពរីកចម្រើននេះក៏មិនអាចកើតឡើងបានដែរ ប្រសិនបើគ្មានការចូលរួមប្រឹងប្រែងពីសំណាក់បណ្ដាក្លិបនៅតាមខេត្តនានា បូករួមទាំងមន្ត្រីពាក់ព័ន្ធរបស់សហព័ន្ធកីឡាចំបាប់កម្ពុជាផងដែរ។
ក្នុងការប្រកួតលើកនេះ ក្រុមកីឡាចំបាប់ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយសរុប១៩គ្រឿងក្នុងនោះមេដាយមាស៦គ្រឿង ប្រាក់៤គ្រឿង និងសំរឹទ្ធ៩គ្រឿង ឈរកំពូលតារាង។ ចំណែកកងយោធពលខេមរភូមិន្ទ ឈរលេខ២ ដោយដណ្ដើមបានមេដាយមាស១ ប្រាក់៥ និង សំរឹទ្ធ៣ សរុប៩គ្រឿង ។
ចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តត្បូងឃ្មុំ ដណ្ដើមបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២គ្រឿង សរុប៤គ្រឿង ៕


ចែករំលែកព័តមាននេះ