ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្រុម​នារី Valencia B និង​កូន​៣​នាក់ ស្លា.ប់​ក្នុង​គ្រោះថ្នា.ក់​លិ.ច​ទូក​នៅ​ឥណ្ឌូ​ណេ​ស៊ី

5 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ លោក Fernando Martin គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី Valencia ឈុត B បាន​ស្លាប់​រួម​ជាមួយ​កូន…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ លោក Fernando Martin គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី Valencia ឈុត B បាន​ស្លាប់​រួម​ជាមួយ​កូន ៣ នាក់ បន្ទាប់​ពី​ទូក​ពួក​គេ​បាន​លិច​នៅ​ជិត​ឆ្នេរសមុទ្រ​នៃ​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្លិប​បាល់ទាត់ Valencia នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៥​។

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្លិប Valencia បាន​បង្ហាញ​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​មរណភាព​លោក Fernando Martin គ្រូបង្វឹក​ក្រុម​ឈុត​នារី Valencia ឈុត B និង​កូន ៣ នាក់​របស់​លោក នៅ​ក្នុង​គ្រោះថ្នាក់​លិច​ទូក​ដ៏​សោកសៅ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដូចដែល​បាន​បញ្ជាក់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។

អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី និង​អេ​ស្ប៉ា​ញ កាលពី​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា លោក Martin និង​កូន ៣ នាក់​របស់​លោក​បាន​បាត់​ខ្លួន បន្ទាប់​ពី​ទូក​ដឹក​អ្នកដំណើរ ១១ នាក់​បាន​លិច​ដោយសារ​អាកាសធាតុ​ដ៏​អាក្រក់ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ កន្លង​ទៅ នៅ​ច្រក​សមុទ្រ​កោះ ផា​ដា​រ៍ (Padar) ជិត​ទីក្រុង​ឡា​បួន​បា​ចូ (Labuan Bajo) ដែល​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​។

របាយការណ៍​ចុង​ក្រោយបង្អស់​របស់ Reuters ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ក្រុម​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី​បាន​រក​ឃើញ​សាកសព​មនុស្ស​ម្នាក់ អំឡុង​ពេល​ប្រតិបត្តិការ​ស្វែងរក​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ លោក Fernando Martin និង​កូន​ៗ​របស់​លោក​។ ដ្បិត​ភរិយា និង​កូនស្រី​ម្នាក់​ទៀត​របស់​លោក រួម​ទាំង​សមាជិក​នាវិក ៤ នាក់ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​ម្នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​មាន​សុវត្ថិភាព​។

លោក Fathur Rahman ប្រធាន​ទីភ្នាក់ងារ​ស្វែងរក និង​ជួយ​សង្គ្រោះ​ឥណ្ឌូ​ណេ​ស៊ី បាន​និយាយ​ថា ក្រុម​ជំនាញ​បាន​រក​ឃើញ​សាកសព​ស្ត្រី​ម្នាក់ ដែល​សង្ស័យ​ថា​ជា​ជន​រង​គ្រោះ​នៃ​គ្រោះថ្នាក់​នេះ​។ លោក​បន្ថែម​ថា អាជ្ញាធរ​កំពុង​តែ​ព្យាយាម​កំណត់​អត្ត​សញ្ញាញ ខណៈ​ការ​ស្វែងរក​សាកសព​លោក Martin និង​កូន​ៗ​របស់​លោក​នៅ​តែ​បន្ត ទោះបីជា​មាន​ចរន្តទឹក​ខ្លាំង និង​រលក​ខ្ពស់​ៗ​យ៉ាងណា​ក៏​ដោយ ក៏​ការ​ស្វែង​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែធ្នូ​។

ក្រសួងទេសចរណ៍​ឥណ្ឌូ​ណេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ បាន​ដាក់​បម្រាម​បណ្តោះអាសន្ន​លើ​ទូក​ទេសចរណ៍​ដែល​ធ្វើ​ដំណើរ​ក្នុង​ដែនទឹក​ឡា​បួន​បា​ចូ និង​កោះ​កូ​ម៉ូ​ដូ (Komodo)​។ ទោះ​យ៉ាងណា​១​ថ្ងៃ​ក្រោយមក មន្ត្រី​ទីភ្នាក់ងារ​ស្វែងរក និង​ជួយ​សង្គ្រោះ​ក្នុងស្រុក​ម្នាក់ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ បាន​រាយការណ៍​ថា ទូក​ល្បឿន​លឿន​ដឹក​មនុស្ស ២១ នាក់​បាន​ក្រឡាប់​នៅ​ក្នុង​ដែនទឹក​ក្បែរ​កោះ ប៉ា​ពួ (Papua) របស់​ឥណ្ឌូ​ណេ​ស៊ី ដោយ​មាន​មនុស្ស ១៧ នាក់​បាត់​ខ្លួន និង​ម្នាក់​ស្លាប់​។

សូម​ជម្រាប​ជូន​ថា ទូក និង​សាឡា​ង គឺជា​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ធម្មតា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ដែល​ជា​ប្រទេស​មាន​កោះ​ជាង ១៧ ០០០ និង​គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​អាកាសធាតុ​អាក្រក់ និង​ស្តង់ដារ​សុវត្ថិភាព​ធូររលុង ដែល​ជា​រឿយ​ៗ​អនុញ្ញាត​ឱ្យ​ទូក​ផ្ទុក​លើស​ទម្ងន់​៕ ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com