ខេត្តសៀមរាប៖វិចិត្រករជាង៥០នាក់ពីខេត្តផ្សេងគ្នានៃប្រទេសកម្ពុជា បានរួមគ្នារចនាគំនូរខ្នាតយក្សមួយផ្ទាំងចំកណ្តាលក្រុងសៀមរាប មានប្រវែង៣០ម៉ែត្រ និងទទឹង៥ម៉ែត្រ ។ គំនូរនេះរៀបរាប់ពីទុក្ខលំបាករបស់ប្រជាជនខ្មែររងគ្រោះដោយសារសង្គ្រាម បង្ហាញពីការបាត់បង់សមាជិកក្រុមគ្រួសារ ភៀសខ្លួន ធ្វើឱ្យក្មេងៗ មិនបានរៀនសូត ។ ក្រៅពីនេះមន្ទីរពេទ្យ,វត្តអារាម,សាលារៀនមួយចំនួនត្រូវបានបំផ្លិចបំផ្លាញ ដោយសារស្នាដៃទាហានសៀមបាញ់កម្ទេចយ៉ាងព្រៃផ្សៃ ។
កាលពីពេល ថ្មីៗកន្លងមកលោកសួន សេ នីយ៍ អ្នកសម្របសម្រួល និងជាអ្នកស្ម័គ្រចិត្តផ្នែកគំនូរ សាស្ត្រាចារ្យសាកលវិទ្យាល័យបៀលប្រាយ ផ្នែកស្ថាបត្យកម្ម រស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប រៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពថា ក្នុងគម្រោងរបស់លោករយៈពេល៥ថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី១៩ រហូតដល់ល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ។ វិចិត្រករដែលចូលរួមនោះលើសពី៥០នាក់ ។ ពីដំបូងលោកចង់យកត្រឹមតែ៣០នាក់ទេ តែដោយសារវិចិត្រករចង់ចូលរួមបញ្ចេញស្នាដៃដែលចេញពីទឹកចិត្តរបស់ពួកគាត់ ដើម្បីបង្ហាញទៅពិភពលោក និងអំពាវនាវឱ្យពិភពលោក ជួយដោះស្រាយសង្គ្រាម ដើម្បីឱ្យខ្មែរយើងមានសន្តិភាព ក៏មានការចូលរួមផុសផុលជាច្រើន ។ បើសិនជាអនុញ្ញាតនឹងមានអ្នកចូលរួមច្រើន អាចដល់រាប់រយនាក់ ។
វិចិត្រករភាគច្រើនពីខេត្ត បាត់ដំបង ,ភ្នំពេញ ,ខេត្តសៀមរាប ,ក្រៅពីនេះពីខេត្តកំពត , កំពង់ស្ពឺ , ខេត្តកណ្តាល រីឯខេត្តសៀមរាប មានចំនួនតិច ។
ប្រភពដដែលថា«រូបភាពមួយផ្ទាំងដែលសិល្បករកំពុងគូរនោះ យើងចង់បង្ហាញទៅពិភពលោកថា បច្ចុប្បន្ននេះប្រជាជនខ្មែរយើងកំពុងតែទទួលនូវការឈ្លានពាន ,រងទុក្ខសោកបាត់បង់គ្រួសារ បាត់បង់ប្តី បាត់បង់ប្រពន្ធ បាត់បង់កូន បាត់បង់ទ្រព្យសម្បត្តិ ។ យើងរំលេចរូបភាពហ្នឹងទៅ ឃើញថាហេតុការណ៍ដែលកំពុងកើតឡើងគឺវាអ៊ីចឹង ដើម្បីឱ្យពិភពលោកបានដឹងថា នៅប្រទេសខ្មែរយើងរាល់ថ្ងៃនេះកំពុងតែមានសង្គ្រាមកើតឡើងរវាងកម្ពុជានិងថៃ ។
ចំពោះការរំលេចយករូបភាពវីរកងទ័ព ដើម្បីឱ្យប្រជាជន ក៏ដូចជាសិស្សទូទៅចងចាំវីរភាព និងការលះបង់ដ៏ធំធេងដើម្បីប្រទេសជាតិយើង ។ ម្យ៉ាងរំលេចរូបភាពនេះដាស់តឿនដល់កូនខ្មែរឱ្យខំតស៊ូរៀនសូត្រដើម្បីអនាគតប្រទេសខ្មែរយើង កុំឱ្យថ្ងៃក្រោយប្រទេសដទៃ ឬប្រទេសជិតខាងមើលងាយ ឬក៏ឈ្លានពានយើង ។
រូបភាពដែលយើងយកមកគូរនេះ គឺយើងយោងទៅតាមហេតុការណ៍ដែលបានកើតឡើងនៅតាមតំបន់ព្រំដែន និងនៅតាមខេត្តជាយដែន ដែលពួកគាត់បានរត់ភៀសខ្លួនចេញពីតំបន់ដែលគាត់ធ្លាប់រស់នៅផ្ទះស្អាតដែលមានប្តី និងកូនៗចេញទៅធ្វើជាទាហាន និងវីរកងទ័ពបានពលីជីវិតនៅសមរភូមិមុខ» ។
មគ្គុទេ្ទសក៍ទេសចរណ៍ភាសាអង់គ្លេស៣នាក់ បានរៀបរាប់ប្រហាក់ប្រហែលគ្នាថា តាមរយៈគំនូរមួយផ្ទាំង សូមឱ្យពិភពលោកជួយអន្តរាគមន៍មកលើប្រទេសកម្ពុជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពឈ្លានពានរបស់សៀម ពួកយើងចង់បានសន្តិភាព ។
មគ្គុទ្ទេសក៍ទេសចរណ៍ុម្នាក់ថ្លែងទាំងក្ដុកក្ដួលថា «សង្គ្រាមពុំមានអ្វីចំណេញទេ វាមានតែការខូចខាត ធ្វើឱ្យតាមរយៈរូបភាពនៅខាងក្រោយខ្នងខ្ញុំនេះ ប្រជាពលរដ្ឋកម្ពុជាយើង សូម្បីតែសិស្សសាលារត់គេចពីសង្គ្រាម ដោយសារការទម្លាក់គ្រាប់បែក ហើយរូបភាពផ្សេងទៀត ដូចជាប្រាង្គប្រាសាទបុរាណ ហើយមានរូបភាពជាច្រើន ដែលខ្ញុំមិនអាចនិយាយបានដោយសារក្តុកក្តួលខ្លាំងពេក ។
ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ពួកយើងពិតជាចង់បានសន្តិភាព ចឹងខ្ញុំសូមសំណូមពរឱ្យសហគមន៍ អន្តរជាតិជួយចូលរួមដោះស្រាយដល់បញ្ហានេះផង ព្រោះចៀសជាងកម្ពុជាទាំងអស់ ពិតជាចង់បានសន្តិភាព មិនត្រូវការសង្គ្រាមទេ» ។
ផ្ទាំងគំនូរនេះរំលេចឡើងជាមួយកម្មវិធីសមាធិដែលមានព្រះសង្ឃចំនួន៥០០អង្គ ដោយសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោនិមន្តទៅផ្តល់ឱវាទ ព្រមទាំងមានពុទ្ធបរិស័ទជាច្រើនចូលរួមផងដែរ ៕














ចែករំលែកព័តមាននេះ