ខេត្តស្ទឹងត្រែង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូ បូជាផ្កាភ្ញី ទៀនធូប នៅទីសក្ការៈបូជា ប្រាសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីបួងសួងសុំសេចក្តីសុខសប្បាយ សេចក្តីចម្រើន និងវិបុលភាពជូនដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ។
ក្នុងពិធីនោះ គេបានឃើញមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង, លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ យ៉ាងច្រើនផងដែរ ។
ពិធីបួងសួងដ៏ពិសិដ្ឋនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានប្រកាសថ្វាយព្រះពរជ័យយ៉ាងជ្រាលជ្រៅដល់ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ។
ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអំណរគុណ និងបួងសួងសូមគោរពជូនពរដល់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសរួមមាន៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជាព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ។
សម្តេចក៏បានឧទ្ទិសកុសលផលបុណ្យជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានកសាងប្រាសាទ និងវីរកងទ័ព ដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិ និងការពារបូរណភាពទឹកដីកម្ពុជា ហើយបានបួងសួងសុំពរជ័យដល់ កងទ័ពដ៏អង់អាច ដែលកំពុងឈរជើងការពារទឹកដី សុំឲ្យមានសុវត្ថិភាពគ្រប់ពេលវេលា ៕





ចែករំលែកព័តមាននេះ