រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា ដំណើរឆ្ពោះទៅរកជ័យជំនះរបស់កម្ពុជាកាន់តែខិតជិតមកដល់ហើយ ។

ឯកឧត្តមបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ជ័យជម្នះក្នុងន័យនេះ មិនមែនយើង ( កម្ពុជា) ទៅដណ្តើមយកដីគេ ( ដីថៃ) នោះទេពោលគឺធ្វើឲ្យបរាជ័យនៃមហិច្ឆតារបស់ថៃតែប៉ុណ្ណោះ ។ ឯកឧត្តមបានលើកឡើងថា ប្រទេសតូចដូចកម្ពុជាដែលត្រូវឈ្លានពានពីប្រទេសធំជាងខ្លួនត្រូវពឹងលើកត្តាពីរសំខាន់៖
ទី១-ជម្រុញឲ្យខ្លាំងក្លាបំផុតដូចអ្វីដែលនាយករដ្ឋមន្ត្រីយើងបាន និងកំពុងធ្វើគឺការទូត និងច្បាប់អន្តរជាតិ ។ ថ្មីៗនេះ យើងបានទទួលលទ្ធផលល្អប្រសើរត្រង់ថា ប្រទេសនៅក្នុងសហគមន៍អាស៊ានទទួលស្គាល់ និងគាំទ្រនូវសុចរិតភាពរបស់កម្ពុជាដែលមានក្រសួងការបរទេសបាន និងកំពុងខិតខំក្រោមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី។ សូម្បីតែរដ្ឋមន្ត្រីការពារជាតិថៃ ក៏បាននិយាយសារភាពថា គ្មានប្រទេសណាគាំទ្រថៃនោះទេ ។ ទាក់ទងទៅនឹងការបំពានកិច្ចព្រព្រៀងនៃការឈប់បាញ់ ឬថៃ ឬកម្ពុជា បាញ់មុន? សម្រាប់យើងៗដឹងច្បាស់ហើយថា ថៃជាអ្នកបំពាន ។ ក៏ប៉ុន្តែយើងត្រូវធ្វើកិច្ចការយ៉ាងច្រើនដើម្បីឲ្យសហគមន៍អន្តរជាតិបានដឹងថា ថៃជាអ្នកមិនគោរពនូវបទឈប់បាញ់ និងជាអ្នកឈ្លានពាន ។ លទ្ធផលបានបង្ហាញយ៉ាងច្បាស់ ហើយតាមរយ:លោកប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ។

លោកដូណាត្រាំ គាត់មានប្រសាសន៍ គឺពឹងផ្អែកទៅលើបច្ចេកវិទ្យាទំនើបដោយគ្រាន់តែផ្ទៀងផ្ទាត់មើល Satellite តែប៉ុណ្ណោះ ។ រីឯតាមបណ្តឹងនានារបស់គណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏យើងបានប្តឹងយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅសិទ្ធិមនុស្សតំបន់ផង សហគមន៏សិទ្ធិមនុស្សអាស៊ានផង ជាពិសេស ប្តឹងទៅសិទ្ធិមនុស្សដែលជាក្បាលម៉ាស៊ីននៅហ្សឺណែវ។
យើងទទួលលទ្ធផលនៃសេចក្តីថ្លែងការណ៍របស់ប្រធាន OHCHR រួចហើយ។ សូមរំឭកថា សំឡេង ឬរបាយការណ៍របស់អ្នកឯករាជ្យមានតម្លៃ និងទម្ងន់ធ្ងន់ណាស់សម្រាប់ការវិនិច្ឆ័យតាមផ្លូវច្បាប់ ។ ការទទួលបាននូវសម្លេងរបស់ ឯឧ. Volker Turk ពិតជាជួយយើងបានច្រើនណាស់។
ទី២-ដើម្បីឲ្យមានទម្ងន់ក្នុងកិច្ចចរចា ឬប្រើយន្តការតាមផ្លូវច្បាប់ទទួលបានជោគជ័យទាំងស្រុង គឺត្រូវពឹងលើវីរកងទ័ពនៅសមរភូមិមុខប្រយុទ្ធទប់ទល់មិនឲ្យខ្មាំងឈ្លានពាន និងបំបាក់សត្រូវឲ្យខ្សោយ នេះជាចំណុចសំខាន់ និងមានទម្ងន់ក្នុងការចរចា។
ឯកឧត្តមបានបញ្ជាក់ថា «ត្រង់ចណុចនេះ យើងធ្វើបាន យើងសូមអរគុណដល់សម្តេចតេជោ និងវីជនស្នេហាជាតិរបស់យើងនៅលើសមរភូមិ ។ សរុបសេចក្តីមក ពន្លឺជ័យជម្នះបាននិងកំពុងខិតកាន់តែកៀកមកកម្ពុជាយើងហើយ»៕
ចែករំលែកព័តមាននេះ