រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុបនឹងផ្តល់ជូននូវរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់សម្រាប់ការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ ។ នេះបើតាមតំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ។

យោងតាមសេចក្តីថ្លែងការណ៍របស់លោកជំទាវ Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុបបានបង្ហោះលើបណ្តាញសង្គម នៅយប់ថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៥ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់» ។

លោកជំទាវបានគូសបញ្ជាក់ថា៖«នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ ។ សហភាពអឺរ៉ុប អាចផ្តល់ជូននូវរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់ ។ នេះ គឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ» ។
សូមជម្រាបថា ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បន្ទាប់ពីថៃបានធ្វើការបាញ់ប្រហារ ដើម្បីរំលោ.ភដែនអធិបតេយ្យភាពកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ធ្នូមក ។

លើសពីនេះថៃមិនបានគោរពបទឈប់បាញ់ដែលខ្លួនបានចុះសហត្ថលេខាជាមួយកម្ពុជាដោយមានសហរដ្ឋអាមេរិក ម៉ាឡេស៊ីជាសាក្សីនោះទេ ។ យោធាថៃ បានបា.ញ់ប្រហារមកលើទីតាំងជនស៊ីវិលស្លូនត្រង់បណ្តាលឲ្យស្លា.ប់ និងរបួសជាច្រើននាក់ទៀតផង៕
ចែករំលែកព័តមាននេះ